19 ហើយបណ្ដាជនទាំងអស់រិះរកពាល់ព្រះអង្គ ព្រោះអំណាចដែលចេញពីព្រះអង្គមក បានប្រោសមនុស្សគ្រប់គ្នាឲ្យជា។
20 ព្រះអង្គងើបមើលទៅសិស្សរបស់ព្រះអង្គ ទាំងមានបន្ទូលថា៖ «មានពរហើយអ្នកដែលមានសេចក្ដីកម្សត់ ដ្បិតនគរព្រះជាម្ចាស់ជារបស់អ្នករាល់គ្នា។
21 មានពរហើយអស់អ្នកដែលឃ្លាននៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ មានពរហើយ អស់អ្នកដែលយំសោកនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានសើចសប្បាយ។
22 អ្នករាល់គ្នាមានពរហើយ នៅពេលមនុស្សស្អប់អ្នករាល់គ្នា លែងរាប់អានអ្នករាល់គ្នា ជេរអ្នករាល់គ្នា និងបង្ខូចឈ្មោះរបស់អ្នករាល់គ្នាឲ្យអាក្រក់ដោយព្រោះកូនមនុស្ស
23 ចូរមានអំណរ ហើយលោតកញ្ឆេងនៅថ្ងៃនោះ ដ្បិតមើល៍ អ្នករាល់គ្នាមានរង្វាន់ជាធំនៅស្ថានសួគ៌ ព្រោះដូនតារបស់ពួកគេក៏បានប្រព្រឹត្ដចំពោះអ្នកនាំព្រះបន្ទូលដោយរបៀបនេះដែរ។
24 ប៉ុន្ដែវេទនាដល់អ្នករាល់គ្នាដែលជាអ្នកមាន ដ្បិតអ្នករាល់គ្នាទទួលសេចក្ដីកម្សាន្ដចិត្ដរបស់អ្នករាល់គ្នារួចហើយ។
25 វេទនាដល់អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងឃ្លានមិនខាន។ វេទនាហើយ អស់អ្នកដែលសើចសប្បាយនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកមិនខាន។