5 រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។
6 នៅថ្ងៃសប្ប័ទមួយទៀត ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំ និងបានបង្រៀន ហើយនៅទីនោះ មានបុរសម្នាក់ស្វិតដៃខាងស្ដាំ។
7 ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យបានជានៅថ្ងៃសប្ប័ទដើម្បីរកលេសចោទប្រកាន់ព្រះអង្គ
8 ប៉ុន្ដែព្រះអង្គបានជ្រាបពីគំនិតរបស់ពួកគេ ក៏មានបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយឈរនៅកណ្ដាលចំណោមនេះ» គាត់ក៏ក្រោកឈរឡើង
9 រួចព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាមើល៍ តើនៅថ្ងៃសប្ប័ទវិន័យឲ្យធ្វើការល្អ ឬធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬបំផ្លាញ?»
10 កាលព្រះអង្គទតមើលទៅមនុស្សទាំងអស់ដែលនៅជុំវិញហើយ ក៏មានបន្ទូលទៅគាត់ថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏ធ្វើតាម ហើយដៃគាត់ក៏បានជាឡើងវិញ។
11 ពួកគេមានកំហឹងពោរពេញ និងបាននិយាយគ្នាអំពីអ្វីដែលពួកគេអាចធ្វើចំពោះព្រះយេស៊ូបាន។