លូកា 7:21-27 KCB

21 នៅ​ពេល​នោះ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យ​បាន​ជា​ពី​ជំងឺ​រោគា​ផ្សេងៗ​ និង​ពី​វិញ្ញាណ​អាក្រក់​ទាំងឡាយ​ ហើយ​បាន​ប្រោស​មនុស្ស​ខ្វាក់​ជាច្រើន​ឲ្យ​មើល​ឃើញ។​

22 ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​អ្នក​ទាំង​ពីរ​នោះ​ថា៖​ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ និង​បាន​ឮ​ចុះ​ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច​ មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ មនុស្ស​ស្លាប់​បាន​រស់​វិញ​ ហើយ​អ្នក​ក្រ​បាន​ឮ​ដំណឹង​ល្អ​

23 អ្នក​ដែល​មិន​រវាត​ចិត្ត​ពី​ខ្ញុំ​ មាន​ពរ​ហើយ»។​

24 ពេល​អ្នក​នាំ​សារ​ឲ្យ​លោក​យ៉ូហាន​ចាក​ចេញ​ទៅ​ ព្រះអង្គ​ក៏​ចាប់ផ្ដើម​មាន​បន្ទូល​ទៅ​បណ្ដាជន​អំពី​លោក​យ៉ូហាន​ថា៖​ «តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី​នៅ​ទីរហោឋាន?​ មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​ឬ?​

25 តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី​? មើល​បុរស​ម្នាក់​ដែល​ស្លៀក​សម្លៀក​បំពាក់​ស្អាត​ប្រណិត​ឬ?​ នែ៎!​ អ្នក​ស្លៀក​ពាក់​រុងរឿង​ ហើយ​រស់នៅ​ក្នុង​ភាព​ហ៊ឺហា​ គឺ​នៅ​ឯ​ដំណាក់​ស្ដេច​ឯណោះ។​

26 ដូច្នេះ​តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី?​ អ្នក​នាំ​ព្រះបន្ទូល​ឬ?​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​នោះ​វិសេស​ជាង​អ្នក​នាំ​ព្រះបន្ទូល​ទៅ​ទៀត​

27 ដ្បិត​អ្នក​នេះ​ហើយ​ដែល​មាន​សេចក្ដី​ចែងទុក​អំពី​គាត់​ថា​ មើល៍​ យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​អ្នក​ ដែល​ជា​អ្នក​រៀបចំ​ដំណើរ​របស់​អ្នក​ជាមុន។​