លូកា 7:28-34 KCB

28 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ក្នុង​ចំណោម​មនុស្ស​ដែល​កើត​ពី​ស្ដ្រី​មក​ គ្មាន​អ្នកណា​វិសេស​ជាង​លោក​យ៉ូហាន​ទេ​ ប៉ុន្ដែ​អ្នក​តូច​ជាង​គេ​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់​វិសេស​ជាង​គាត់​ទៅ​ទៀត»។​

29 ពេល​ប្រជាជន​ទាំង​អស់​ រួម​ទាំង​ពួក​អ្នក​ទារ​ពន្ធដារ​បាន​ស្ដាប់​ឮ​ហើយ​ ក៏​ទទួល​ស្គាល់​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ ព្រោះ​ពួកគេ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន​

30 ប៉ុន្ដែ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ជំនាញ​ច្បាប់​បាន​ច្រាន​ចោល​បំណង​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកគេ​ ព្រោះ​ពួកគេ​មិន​ទទួល​ពិធី​ជ្រមុជ​ទឹក​តាមរយៈ​លោក​យ៉ូហាន​ទេ។​

31 «ដូច្នេះ​តើ​ឲ្យ​ខ្ញុំ​ប្រៀប​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី​ ហើយ​ពួកគេ​ប្រៀប​បាន​នឹង​មនុស្ស​បែប​ណា?​

32 ពួកគេ​ប្រៀប​បាន​ដូចជា​ក្មេងៗ​ដែល​អង្គុយ​នៅ​ផ្សារ​ស្រែក​ទៅ​ពួក​គ្នា​វា​ថា​ យើង​ផ្លុំ​ខ្លុយ​ឲ្យ​ពួកឯង​ តែ​ពួកឯង​មិន​រាំ​ទេ​ ហើយ​យើង​ស្មូត្រ​ តែ​ពួកឯង​មិន​យំ​សោក​សោះ​

33 ដ្បិត​លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​មក​ ទាំង​មិន​បរិភោគ​អាហារ​ មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ តែ​អ្នក​រាល់គ្នា​និយាយ​ថា​ គាត់​មាន​អារក្ស​ចូល​

34 ឯ​កូន​មនុស្ស​បាន​មក​ទាំង​បរិភោគ​ និង​ផឹក​ តែ​អ្នក​រាល់គ្នា​និយាយ​ថា​ មើល៍​ បុរស​ម្នាក់​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី​ ល្មោភ​ផឹក​ ជា​មិត្ត​របស់​ពួក​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប​