29 ពេលប្រជាជនទាំងអស់ រួមទាំងពួកអ្នកទារពន្ធដារបានស្ដាប់ឮហើយ ក៏ទទួលស្គាល់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ព្រោះពួកគេបានទទួលពិធីជ្រមុជទឹករបស់លោកយ៉ូហាន
30 ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកជំនាញច្បាប់បានច្រានចោលបំណងរបស់ព្រះជាម្ចាស់សម្រាប់ពួកគេ ព្រោះពួកគេមិនទទួលពិធីជ្រមុជទឹកតាមរយៈលោកយ៉ូហានទេ។
31 «ដូច្នេះតើឲ្យខ្ញុំប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី ហើយពួកគេប្រៀបបាននឹងមនុស្សបែបណា?
32 ពួកគេប្រៀបបានដូចជាក្មេងៗដែលអង្គុយនៅផ្សារស្រែកទៅពួកគ្នាវាថា យើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនរាំទេ ហើយយើងស្មូត្រ តែពួកឯងមិនយំសោកសោះ
33 ដ្បិតលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានមក ទាំងមិនបរិភោគអាហារ មិនផឹកស្រាទំពាំងបាយជូរ តែអ្នករាល់គ្នានិយាយថា គាត់មានអារក្សចូល
34 ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក តែអ្នករាល់គ្នានិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្តរបស់ពួកអ្នកទារពន្ធដារ និងមនុស្សបាប
35 ប៉ុន្ដែប្រាជ្ញាត្រូវបានបញ្ជាក់ថាត្រឹមត្រូវដោយសារផលផ្លែវាទាំងអស់»។