32 ពួកគេប្រៀបបានដូចជាក្មេងៗដែលអង្គុយនៅផ្សារស្រែកទៅពួកគ្នាវាថា យើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនរាំទេ ហើយយើងស្មូត្រ តែពួកឯងមិនយំសោកសោះ
33 ដ្បិតលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានមក ទាំងមិនបរិភោគអាហារ មិនផឹកស្រាទំពាំងបាយជូរ តែអ្នករាល់គ្នានិយាយថា គាត់មានអារក្សចូល
34 ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក តែអ្នករាល់គ្នានិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្តរបស់ពួកអ្នកទារពន្ធដារ និងមនុស្សបាប
35 ប៉ុន្ដែប្រាជ្ញាត្រូវបានបញ្ជាក់ថាត្រឹមត្រូវដោយសារផលផ្លែវាទាំងអស់»។
36 មានអ្នកខាងគណៈផារិស៊ីម្នាក់អញ្ជើញព្រះយេស៊ូឲ្យមកបរិភោគជាមួយ ពេលយាងចូលទៅក្នុងផ្ទះរបស់អ្នកខាងគណៈផារិស៊ីនោះហើយ ព្រះអង្គក៏អង្គុយនៅតុអាហារ។
37 ហើយមើល៍ នៅក្រុងនោះមានស្ដ្រីម្នាក់ជាមនុស្សបាប ហើយកាលបានដឹងថា ព្រះយេស៊ូកំពុងអង្គុយនៅតុអាហារក្នុងផ្ទះរបស់អ្នកខាងគណៈផារិស៊ី នាងក៏យកប្រេងក្រអូបមួយដបមក
38 និងបានឈរពីខាងក្រោយទាំងយំនៅទៀបបាទាព្រះអង្គ នាងចាប់ផ្ដើមសម្រក់ទឹកភ្នែកលើបាទាព្រះអង្គ និងយកសក់របស់នាងជូត ហើយក៏ថើបបាទាព្រះអង្គ ទាំងលាបប្រេងក្រអូបឲ្យផង។