36 មានអ្នកខាងគណៈផារិស៊ីម្នាក់អញ្ជើញព្រះយេស៊ូឲ្យមកបរិភោគជាមួយ ពេលយាងចូលទៅក្នុងផ្ទះរបស់អ្នកខាងគណៈផារិស៊ីនោះហើយ ព្រះអង្គក៏អង្គុយនៅតុអាហារ។
37 ហើយមើល៍ នៅក្រុងនោះមានស្ដ្រីម្នាក់ជាមនុស្សបាប ហើយកាលបានដឹងថា ព្រះយេស៊ូកំពុងអង្គុយនៅតុអាហារក្នុងផ្ទះរបស់អ្នកខាងគណៈផារិស៊ី នាងក៏យកប្រេងក្រអូបមួយដបមក
38 និងបានឈរពីខាងក្រោយទាំងយំនៅទៀបបាទាព្រះអង្គ នាងចាប់ផ្ដើមសម្រក់ទឹកភ្នែកលើបាទាព្រះអង្គ និងយកសក់របស់នាងជូត ហើយក៏ថើបបាទាព្រះអង្គ ទាំងលាបប្រេងក្រអូបឲ្យផង។
39 កាលអ្នកខាងគណៈផារិស៊ីដែលបានអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏គិតក្នុងចិត្ដថា៖ «បើលោកនេះជាអ្នកនាំព្រះបន្ទូលមែនលោកមុខជាដឹងថា ស្ដ្រីដែលកំពុងពាល់លោកជានរណា និងជាស្ដ្រីបែបណាហើយ ព្រោះនាងជាមនុស្សបាប»។
40 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ស៊ីម៉ូនអើយ! ខ្ញុំមានរឿងមួយប្រាប់អ្នក»។ គាត់ទូលថា៖ «សូមលោកគ្រូនិយាយមកចុះ»។
41 «មានកូនបំណុលពីរនាក់ជំពាក់អ្នកចងការប្រាក់ម្នាក់ គឺម្នាក់ជំពាក់ប្រាំរយឌេណារី ហើយម្នាក់ទៀតហាសិបឌេណារី
42 ពេលពួកគេគ្មានអ្វីសង អ្នកចងការក៏លើកលែងឲ្យទាំងពីរនាក់។ ដូច្នេះតើក្នុងចំណោមពីរនាក់នេះ អ្នកណាស្រឡាញ់គាត់ច្រើនជាង?»