លូកា 7:44-50 KCB

44 ពេល​បែរ​ទៅ​រក​ស្ដ្រី​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «តើ​អ្នក​ឃើញ​ស្ដ្រី​នេះ​ទេ!​ ពេល​ខ្ញុំ​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក អ្នក​មិន​បាន​ឲ្យ​ទឹក​ខ្ញុំ​លាង​ជើង​ទេ​ ផ្ទុយ​ទៅ​វិញ​ នាង​បាន​សម្រក់​ទឹក​ភ្នែក​លាង​ជើង​ឲ្យ​ខ្ញុំ​ និង​បាន​យក​សក់​របស់​នាង​ជូត​ជើង​ខ្ញុំ។​

45 អ្នក​មិន​បាន​ថើប​ខ្ញុំ​ទេ​ ប៉ុន្ដែ​នាង​វិញ​បាន​ថើប​ជើង​របស់​ខ្ញុំ​រហូត​តាំងពី​ពេល​ខ្ញុំ​ចូល​មក​

46 អ្នក​មិន​បាន​លាប​ប្រេង​លើ​ក្បាល​ខ្ញុំ​ទេ​ ប៉ុន្ដែ​នាង​វិញ​បាន​លាប​ប្រេង​ក្រអូប​លើ​ជើង​របស់​ខ្ញុំ។​

47 ហេតុ​នេះ​ខ្ញុំ​ប្រាប់​អ្នក​ថា​ នាង​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ ព្រោះ​នាង​បាន​ទទួល​ការ​លើក​លែង​ទោស​បាប​ជា​ច្រើន​របស់​នាង​ហើយ​ ប៉ុន្ដែ​ចំពោះ​អ្នកណា​ដែល​មាន​សេចក្ដី​ស្រឡាញ់​តិច​នោះ​ ព្រោះ​បាន​ទទួល​ការ​លើកលែង​ទោស​តិច​ដែរ»។​

48 រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «បាប​របស់​អ្នក​បាន​ទទួល​ការ​លើកលែង​ទោស​ហើយ»។​

49 ឯ​ពួក​អ្នក​កំពុង​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​ព្រះអង្គ​ ក៏​ចាប់ផ្ដើម​គិត​ក្នុង​ចិត្ដ​ថា៖​ «តើ​អ្នក​នេះ​ជា​នរណា​ដែល​អាច​លើកលែង​ទោស​បាន​ សូម្បីតែ​បាប​ក៏​ដោយ?»​

50 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ស្ដ្រី​នោះ​ថា៖​ «ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ​ ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ»។​