6 ដូច្នេះព្រះយេស៊ូក៏យាងទៅជាមួយពួកគេ ប៉ុន្ដែពេលព្រះអង្គនៅមិនឆ្ងាយប៉ុន្មានពីផ្ទះនោះ នាយទាហានក៏ចាត់ពួកមិត្ដសម្លាញ់ឲ្យមកទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! កុំឲ្យរំខានលោក ព្រោះខ្ញុំមិនស័ក្ដិសមឲ្យលោកមកក្នុងផ្ទះរបស់ខ្ញុំទេ
7 ដូច្នេះហើយបានជាខ្ញុំគិតថា ខ្លួនខ្ញុំមិនស័ក្តិសមមកជួបលោក ប៉ុន្ដែសូមលោកនិយាយតែមួយម៉ាត់ចុះ នោះបាវបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន
8 ដ្បិតខ្ញុំជាមនុស្សម្នាក់ ដែលស្ថិតនៅក្រោមសិទ្ធិអំណាចដែរ ខ្ញុំមានទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំ បើខ្ញុំប្រាប់ម្នាក់នេះឲ្យទៅ គេនឹងទៅ ប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក ហើយប្រាប់បាវបម្រើរបស់ខ្ញុំឲ្យធ្វើការនេះ គេក៏ធ្វើ»
9 កាលបានឮសេចក្ដីទាំងនេះ ព្រះយេស៊ូស្ងើចសរសើរគាត់ រួចបែរមកមានបន្ទូលនឹងបណ្ដាជនដែលកំពុងដើរតាមព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅអ៊ីស្រាអែល ខ្ញុំមិនដែលឃើញជំនឿខ្លាំងបែបនេះទេ»។
10 ពួកអ្នកដែលត្រូវបានចាត់ឲ្យមក ក៏ត្រលប់ទៅផ្ទះវិញ ហើយបានឃើញបាវបម្រើនោះមានសុខភាពល្អ។
11 នៅថ្ងៃបន្ទាប់នោះ ព្រះអង្គបានយាងទៅក្រុងមួយឈ្មោះណាអ៊ីន ហើយមានសិស្សរបស់ព្រះអង្គ និងបណ្ដាជនច្រើនកុះករបានរួមដំណើរជាមួយព្រះអង្គ។
12 ពេលព្រះអង្គមកជិតដល់ទ្វារក្រុង មានគេសែងសពមនុស្សម្នាក់ចេញមក ដែលជាកូនប្រុសទោលស្ដ្រីមេម៉ាយម្នាក់ និងមានអ្នកក្រុងនោះច្រើនកុះករបាននៅជាមួយស្ដ្រីនោះ។