លូកា 8:14-20 KCB

14 គ្រាប់​ពូជ​ដែល​ធ្លាក់​ក្នុង​គុម្ព​បន្លា​ អ្នក​ទាំង​នេះ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ ប៉ុន្ដែ​ដោយសារ​តែ​សេចក្ដី​ខ្វល់ខ្វាយ​ ទ្រព្យ​សម្បត្ដិ​ ព្រមទាំង​តណ្ហា​នៃ​ជីវិត​តាម​មក​រួបរិត​ នោះ​មិន​បាន​បង្កើត​ផល​ផ្លែ​ដ៏​ល្អ​ឡើយ។​

15 គ្រាប់​ពូជ​លើ​ដី​ល្អ​ អ្នក​ទាំង​នេះ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ និង​បាន​រក្សា​ទុក​ដោយ​ចិត្ដ​ល្អ​ទៀង​ត្រង់​ ហើយ​បង្កើត​ផលផ្លែ​ដោយ​សេចក្ដី​អត់ធ្មត់។​

16 គ្មាន​អ្នកណា​អុជ​ចង្កៀង​ហើយ​យក​ក្រឡ​គ្រប​ ឬ​ដាក់​នៅ​ក្រោម​គ្រែ​ទេ​ គឺ​គេ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ​ ដើម្បី​ឲ្យ​ពួក​អ្នក​ចូល​មក​បាន​មើល​ឃើញ​ពន្លឺ។​

17 ដ្បិត​គ្មាន​ការ​លាក់​កំបាំង​អ្វី​ដែល​នឹង​មិន​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​អាថ៌​កំបាំង​អ្វី​ដែល​មិន​បាន​ឲ្យ​គេ​ដឹង​ និង​យក​មក​បើក​ចំហ​ដែរ។​

18 ដូច្នេះ​ចូរ​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អ្នក​រាល់គ្នា​ស្ដាប់​ ដ្បិត​អ្នកណា​ដែល​មាន​ នឹង​បន្ថែម​ឲ្យ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​ នឹង​ត្រូវ​ដកយក​ពី​អ្នក​នោះ​វិញ​ សូម្បីតែ​អ្វី​ដែល​អ្នក​នោះ​គិត​ថា​មាន​ផង»។​

19 ម្ដាយ​ និង​បងប្អូន​របស់​ព្រះយេស៊ូ​បាន​មក​ជួប​ព្រះអង្គ​ ប៉ុន្ដែ​ពួកគេ​មិន​អាច​ទៅ​ជិត​ព្រះអង្គ​បាន​ទេ​ ពីព្រោះ​មនុស្ស​ច្រើន​ពេក​

20 រួច​មាន​គេ​ទូល​ព្រះអង្គ​ថា៖​ «ម្ដាយ​ និង​បងប្អូន​របស់​លោក​កំពុង​ឈរ​នៅ​ខាង​ក្រៅ​ចង់​ជួប​លោក»។​