លូកា 8:22-28 KCB

22 នៅ​ថ្ងៃ​មួយ​ ព្រះអង្គ​បាន​យាងចុះ​ទូក​ជាមួយ​ពួក​សិស្ស​ និង​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យើង​ឆ្លង​បឹង​ទៅ​ត្រើយ​ម្ខាង»។​ ពួកគេ​ក៏​ចេញ​ទូក​ទៅ។​

23 កាល​ពួកគេ​កំពុង​ឆ្លង​ទូក​ ព្រះអង្គ​ក៏​ផ្ទំ​លក់​ នោះ​ខ្យល់​ព្យុះ​ក៏​បក់​មក​លើ​បឹង​ ហើយ​ពួកគេ​ស្ទើរតែ​លិច​ទៅ​ក្នុង​ទឹក​ ព្រមទាំង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់។​

24 ពួកគេ​បាន​ចូល​មក​ជិត​ដាស់​ព្រះអង្គ​ថា៖​ «លោក​គ្រូ!​ លោក​គ្រូ!​ យើង​កំពុងតែ​វិនាស​ហើយ»​ ព្រះអង្គ​ក៏​ភ្ញាក់​ឡើង​ បន្ទោស​ខ្យល់ ​និង​ទឹក​រលក​ ហើយ​វា​ក៏​ឈប់​ រួច​ក៏​ស្ងប់​ទៅ។​

25 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ជំនឿ​របស់​អ្នក​រាល់គ្នា​នៅ​ឯណា?»​ ពួកគេ​ក៏​នឹក​អស្ចារ្យ​ ទាំង​កោតខ្លាច​ និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ចុះ​តើ​លោក​នេះ​ជា​នរណា​ បាន​ជា​សូម្បី​តែ​ខ្យល់​ និង​ទឹក​ស្ដាប់​បង្គាប់​លោក​ ពេល​លោក​បញ្ជា?»​

26 ពួកគេ​ក៏​ឆ្លងទូក​មក​ដល់​តំបន់​របស់​ពួក​គេរ៉ាស៊ីន​ ដែល​នៅ​ទល់​មុខ​ស្រុក​កាលីឡេ។​

27 កាល​ព្រះអង្គ​ឡើង​លើ​គោក​ ក៏​បាន​ជួប​នឹង​បុរស​ម្នាក់​មកពី​ក្រុង​នោះ​ ដែល​មាន​អារក្ស​ចូល​ និង​មិន​បាន​ស្លៀក​សម្លៀក​បំពាក់​អ្វី​សោះ​អស់​រយៈពេល​យូរ​មក​ហើយ​ គាត់​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​ទេ​ គឺ​នៅ​តែ​តាម​ផ្នូរ​ខ្មោច​ប៉ុណ្ណោះ។​

28 ពេល​ឃើញ​ព្រះយេស៊ូ​ គាត់​ក៏​ក្រាប​នៅ​ពី​មុខ​ព្រះអង្គ​ និង​បាន​ស្រែក​ទូល​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ឱ​ព្រះយេស៊ូ​ ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ!​ តើ​ខ្ញុំ​ និង​ព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹង​គ្នា?​ ខ្ញុំ​សូម​អង្វរ​ព្រះអង្គ​ កុំ​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​អី»។​