លូកា 8:3-9 KCB

3 និង​នាង​យ៉ូអាណាន់​ប្រពន្ធ​លោក​ឃូសាជា​អ្នកបម្រើ​ស្ដេច​ហេរ៉ូឌ​ នាង​ស៊ូសាន​ ព្រមទាំង​ពួក​ស្ដ្រី​ជាច្រើន​ទៀត​ដែល​បាន​ផ្គត់​ផ្គង់​ដល់​ព្រះអង្គ​ និង​ពួក​សាវក​ដោយ​ទ្រព្យ​សម្បត្ដិ​របស់​ពួកគេ។​

4 ពេល​បណ្ដាជន​ច្រើន​កុះករ​ និង​ពួក​អ្នក​នៅ​ក្រុង​ផ្សេងៗ​ប្រមូល​ផ្ដុំគ្នា​មក​ជួប​ព្រះអង្គ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​

5 «មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​របស់​គាត់​ ពេល​គាត់​ព្រោះ​ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​ ត្រូវ​គេ​ដើរ​ជាន់​ ហើយ​សត្វ​លើ​អាកាស​បាន​មក​ចឹក​ស៊ី​អស់។​

6 ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម​ កាល​ដុះ​ឡើង​ នោះ​ក៏​ក្រៀម​ស្វិត​ទៅ​ ព្រោះ​គ្មាន​សំណើម​

7 គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា​ ហើយ​ក៏​ដុះ​ឡើង​ជាមួយ​បន្លា​ដែល​បាន​រួបរឹត​វា។​

8 រីឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​លើ​ដី​ល្អ​ ក៏​ដុះ​ឡើង​បង្កើត​ផល​បាន​មួយ​ជា​មួយ​រយ»។​ ក្រោយពី​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​ក៏​បន្លឺ​សំឡេង​ថា៖​ «អ្នកណា​មាន​ត្រចៀក​ស្ដាប់​ ចូរ​ស្ដាប់​ចុះ!»​

9 ពួក​សិស្ស​ព្រះអង្គ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​រឿង​ប្រៀប​ប្រដូច​នេះ​មាន​ន័យ​ដូចម្ដេច?»​