លូកា 8:39-45 KCB

39 «ចូរ​ត្រលប់ទៅ​ផ្ទះ​របស់​អ្នក​វិញ​ ហើយ​រៀប​រាប់​អំពី​ការ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក»។​ គាត់​ក៏​ចេញ​ទៅ​ពាសពេញ​ក្រុង​ទាំងមូល​ប្រកាស​ប្រាប់​អំពី​ការ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់។​

40 ពេល​ព្រះយេស៊ូ​ត្រលប់​មកវិញ​ មនុស្ស​ច្រើន​កុះករ​បាន​ស្វាគមន៍​ព្រះអង្គ​យ៉ាង​រាក់​ទាក់​ ដ្បិត​ពួកគេ​គ្រប់គ្នា​បាន​ទន្ទឹងចាំ​ព្រះអង្គ​

41 ហើយ​មើល៍​ មាន​បុរស​ម្នាក់​ឈ្មោះ​យៃរ៉ូស​បាន​មក​ ម្នាក់​នេះ​ជា​ប្រធាន​សាលា​ប្រជុំ​ គាត់​បាន​ក្រាប​នៅ​ទៀប​បាទា​ព្រះយេស៊ូ​ ទាំង​អង្វរ​សុំ​ឲ្យ​ព្រះអង្គ​យាង​ទៅ​ផ្ទះ​របស់​គាត់​

42 ព្រោះ​កូន​ស្រី​តែមួយ​របស់​គាត់​ដែល​មាន​អាយុ​ប្រហែល​ដប់​ពីរ​ឆ្នាំ​ជិត​ស្លាប់​ហើយ​ ប៉ុន្ដែ​ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ បណ្ដាជន​បាន​ប្រជ្រៀត​ព្រះអង្គ​

43 ហើយ​មាន​ស្ដ្រី​ម្នាក់​មាន​ជំងឺ​ធ្លាក់​ឈាម​អស់រយៈ​ពេល​ដប់​ពីរ​ឆ្នាំ​មក​ហើយ​ (នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​របស់​នាង​ទាំង​អស់​លើ​ពួក​គ្រូ​ពេទ្យ)​ តែ​គ្មាន​អ្នកណា​ម្នាក់​អាច​ព្យាបាល​នាង​ជា​ឡើយ។​

44 កាល​បាន​ចូល​មក​ជិត​ពី​ខាង​ក្រោយ​ នាង​បាន​ពាល់​រំយោល​អាវ​របស់​ព្រះអង្គ​ ហើយ​នាងក៏​បាន​ឈប់​ធ្លាក់​ឈាម​ភ្លាម។​

45 ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «តើ​នរណា​បាន​ពាល់​ខ្ញុំ?»​ ពេល​មនុស្ស​គ្រប់គ្នា​កំពុងតែ​បដិសេធ​ លោក​ពេត្រុស​ក៏​ទូល​ថា៖​ «លោក​គ្រូ​អើយ!​ បណ្ដាជន​កំពុង​ប្រជ្រៀត​ជុំវិញ​លោក»​