លូកា 8:4-10 KCB

4 ពេល​បណ្ដាជន​ច្រើន​កុះករ​ និង​ពួក​អ្នក​នៅ​ក្រុង​ផ្សេងៗ​ប្រមូល​ផ្ដុំគ្នា​មក​ជួប​ព្រះអង្គ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​

5 «មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​របស់​គាត់​ ពេល​គាត់​ព្រោះ​ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​ ត្រូវ​គេ​ដើរ​ជាន់​ ហើយ​សត្វ​លើ​អាកាស​បាន​មក​ចឹក​ស៊ី​អស់។​

6 ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម​ កាល​ដុះ​ឡើង​ នោះ​ក៏​ក្រៀម​ស្វិត​ទៅ​ ព្រោះ​គ្មាន​សំណើម​

7 គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា​ ហើយ​ក៏​ដុះ​ឡើង​ជាមួយ​បន្លា​ដែល​បាន​រួបរឹត​វា។​

8 រីឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​លើ​ដី​ល្អ​ ក៏​ដុះ​ឡើង​បង្កើត​ផល​បាន​មួយ​ជា​មួយ​រយ»។​ ក្រោយពី​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​ក៏​បន្លឺ​សំឡេង​ថា៖​ «អ្នកណា​មាន​ត្រចៀក​ស្ដាប់​ ចូរ​ស្ដាប់​ចុះ!»​

9 ពួក​សិស្ស​ព្រះអង្គ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​រឿង​ប្រៀប​ប្រដូច​នេះ​មាន​ន័យ​ដូចម្ដេច?»​

10 ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អាថ៌កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​ត្រូវ​បាន​ប្រទាន​មក​ឲ្យ​អ្នក​រាល់គ្នា​យល់​ ប៉ុន្ដែ​សម្រាប់​អ្នក​ដទៃ​តាមរយៈ​រឿង​ប្រៀប​ប្រដូច​វិញ​ ដើម្បី​ឲ្យ​គេ​មើល​ ប៉ុន្ដែ​មិន​ឃើញ​ ឲ្យ​ស្ដាប់​ ប៉ុន្ដែ​មិន​យល់។​