លូកា 9:12-18 KCB

12 នៅ​ពេល​ថ្ងៃ​ចាប់ផ្ដើម​ជ្រេ​ សាវក​ទាំង​ដប់​ពីរ​បាន​ចូល​មក​ជិត​ទូល​ព្រះអង្គ​ថា៖​ «សូម​រំសាយ​បណ្ដាជន​ឲ្យ​ទៅ​ស្រុក​ភូមិ​ និង​ស្រែ​ចម្ការ​នៅ​ជុំវិញ​ ដើម្បី​ឲ្យ​ពួកគេ​រក​ម្ហូប​អាហារ​ និង​កន្លែង​ស្នាក់នៅ​ ដ្បិត​កន្លែង​នេះ​នៅ​ដាច់​ពី​គេ»។​

13 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង»​ ប៉ុន្ដែ​ពួកគេ​បាន​ទូល​វិញ​ថា៖​ «យើង​មាន​តែ​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​ប៉ុណ្ណោះ​ លុះត្រា​តែ​យើង​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជាជន​ទាំង​នេះ»​

14 ព្រោះ​មាន​មនុស្ស​ប្រុស​ប្រហែល​ប្រាំ​ពាន់​នាក់។ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ចូរ​ឲ្យ​ពួកគេ​អង្គុយ​ជា​ក្រុមៗ​ ក្នុង​មួយ​ក្រុម​ហាសិប​នាក់​ចុះ»។​

15 ពួកគេ​ក៏​បាន​ធ្វើ​ដូច្នោះ​ ហើយ​មនុស្ស​ទាំង​អស់​ក៏​អង្គុយ​ចុះ។​

16 កាល​ព្រះអង្គ​បាន​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​ ក៏​ងើយ​មើល​ទៅ​ស្ថានសួគ៌​ ទាំង​អរ​ព្រះគុណ​សម្រាប់​អាហារ​ទាំង​នោះ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ដើម្បី​រៀបចំ​នៅ​មុខ​បណ្ដាជន។​

17 ពួកគេ​ក៏​បាន​បរិភោគ​ឆ្អែត​ស្កប់ស្កល់​គ្រប់ៗ​គ្នា​ ហើយ​គេ​ប្រមូល​ចំណិត​នំប៉័ង​នៅសល់​បាន​ដប់​ពីរ​កន្ដ្រក។​

18 នៅ​ពេល​មួយ​ កាល​ព្រះអង្គ​កំពុង​អធិស្ឋាន​នៅ​ដាច់​ដោយ​ឡែក​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​នៅជាមួយ​ព្រះអង្គ​ ព្រះអង្គ​បាន​មាន​បន្ទូល​សួរ​ពួកគេ​ថា៖​ «តើ​បណ្ដាជន​និយាយ​ថា​ខ្ញុំ​ជា​អ្នកណា?»​