លូកា 9:13-19 KCB

13 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង»​ ប៉ុន្ដែ​ពួកគេ​បាន​ទូល​វិញ​ថា៖​ «យើង​មាន​តែ​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​ប៉ុណ្ណោះ​ លុះត្រា​តែ​យើង​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជាជន​ទាំង​នេះ»​

14 ព្រោះ​មាន​មនុស្ស​ប្រុស​ប្រហែល​ប្រាំ​ពាន់​នាក់។ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ចូរ​ឲ្យ​ពួកគេ​អង្គុយ​ជា​ក្រុមៗ​ ក្នុង​មួយ​ក្រុម​ហាសិប​នាក់​ចុះ»។​

15 ពួកគេ​ក៏​បាន​ធ្វើ​ដូច្នោះ​ ហើយ​មនុស្ស​ទាំង​អស់​ក៏​អង្គុយ​ចុះ។​

16 កាល​ព្រះអង្គ​បាន​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​ ក៏​ងើយ​មើល​ទៅ​ស្ថានសួគ៌​ ទាំង​អរ​ព្រះគុណ​សម្រាប់​អាហារ​ទាំង​នោះ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ដើម្បី​រៀបចំ​នៅ​មុខ​បណ្ដាជន។​

17 ពួកគេ​ក៏​បាន​បរិភោគ​ឆ្អែត​ស្កប់ស្កល់​គ្រប់ៗ​គ្នា​ ហើយ​គេ​ប្រមូល​ចំណិត​នំប៉័ង​នៅសល់​បាន​ដប់​ពីរ​កន្ដ្រក។​

18 នៅ​ពេល​មួយ​ កាល​ព្រះអង្គ​កំពុង​អធិស្ឋាន​នៅ​ដាច់​ដោយ​ឡែក​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​នៅជាមួយ​ព្រះអង្គ​ ព្រះអង្គ​បាន​មាន​បន្ទូល​សួរ​ពួកគេ​ថា៖​ «តើ​បណ្ដាជន​និយាយ​ថា​ខ្ញុំ​ជា​អ្នកណា?»​

19 ពួកគេ​ក៏​ទូល​ឆ្លើយ​ថា៖​ «ជា​លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ ប៉ុន្ដែ​អ្នក​ឯ​ទៀត​ថា​ ជា​លោក​អេលីយ៉ា​ ហើយ​អ្នក​ផ្សេង​ទៀត​ថា​ ជា​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​នៅ​ជំនាន់​មុន​ដែល​បាន​រស់​ឡើង​វិញ»។​