លូកា 9:20-26 KCB

20 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចុះ​អ្នក​រាល់គ្នា​វិញ​ថា​ខ្ញុំ​ជា​អ្នកណា​ដែរ?»​ លោក​ពេត្រុស​ទូល​ឆ្លើយ​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ​របស់​ព្រះជាម្ចាស់»។​

21 ប៉ុន្ដែ​ព្រះអង្គ​បាន​ព្រមាន​ពួកគេ​ដោយ​បង្គាប់​មិន​ឲ្យ​ប្រាប់​អ្នកណា​ម្នាក់​ពី​ការ​នេះ​ទេ​

22 ព្រះអង្គ​មាន​បន្ទូល​ថា៖​ «កូន​មនុស្ស​ត្រូវតែ​ទទួល​រង​ទុក្ខ​ជាច្រើន​ ត្រូវ​ពួក​ចាស់​ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ជំទាស់​ និង​សម្លាប់​ ហើយ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី»។​

23 ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖​ «បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ​ អ្នក​នោះ​ត្រូវ​លះបង់​ខ្លួន​ឯង​ លី​ឈើ​ឆ្កាង​របស់​ខ្លួន​រាល់​ថ្ងៃ​មក​តាម​ខ្ញុំ​ចុះ​

24 ដ្បិត​អ្នកណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​បាត់​ជីវិត​ខ្លួន​ដោយ​ព្រោះ​ខ្ញុំ​ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។​

25 បើ​មនុស្ស​ម្នាក់​ទទួល​បាន​ពិភព​លោក​ទាំងមូល​ តែ​ត្រូវ​វិនាស​ ឬ​បាត់បង់​ជីវិត​ខ្លួន​ តើ​មាន​ប្រយោជន៍​អ្វី?​

26 ដ្បិត​អ្នកណា​ខ្មាស​គេ​ដោយសារ​ខ្ញុំ​ និង​ពាក្យ​របស់​ខ្ញុំ​ កូន​មនុស្ស​នឹង​ខ្មាស​ដោយសារ​អ្នក​នោះ​វិញ​ នៅ​ពេល​ដែល​លោក​មក​នៅក្នុង​សិរី​រុងរឿង​របស់​លោក​ និង​របស់​ព្រះវរបិតា​ ព្រមទាំង​ពួក​ទេវតា​បរិសុទ្ធ។​