26 ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យរបស់ខ្ញុំ កូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់លោក និងរបស់ព្រះវរបិតា ព្រមទាំងពួកទេវតាបរិសុទ្ធ។
27 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះក្នុងចំណោមពួកអ្នកកំពុងឈរនៅទីនេះ នឹងមិនស្គាល់សេចក្ដីស្លាប់ឡើយ លុះត្រាតែឃើញនគរព្រះជាម្ចាស់»។
28 ប្រហែលជាប្រាំបីថ្ងៃក្រោយពីបានមានបន្ទូលអំពីសេចក្ដីទាំងនេះ ព្រះអង្គបាននាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំជាមួយដើម្បីអធិស្ឋាន។
29 ពេលព្រះអង្គកំពុងអធិស្ឋាន ព្រះភក្ដ្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ អាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង
30 ហើយមើល៍ មានបុរសពីរនាក់កំពុងសន្ទនាជាមួយព្រះអង្គ គឺជាលោកម៉ូសេ និងលោកអេលីយ៉ា
31 ដែលបានលេចមកក្នុងសិរីរុងរឿង ទាំងនិយាយពីការសោយទិវង្គតរបស់ព្រះអង្គដែលនឹងត្រូវសម្រេចនៅក្រុងយេរូសាឡិម។
32 លោកពេត្រុស និងពួកអ្នកនៅជាមួយគាត់បានងងុយដេកយ៉ាងខ្លាំង ប៉ុន្ដែកាលពួកគេភ្ញាក់ឡើង ក៏ឃើញសិរីរុងរឿងរបស់ព្រះអង្គ និងបុរសពីរនាក់ដែលកំពុងឈរជាមួយព្រះអង្គ។