36 ក្រោយមានសំឡេងនោះ ឃើញតែព្រះយេស៊ូមួយអង្គប៉ុណ្ណោះ ហើយពួកគេក៏ស្ងាត់មាត់ រួចនៅគ្រានោះពួកគេមិនបានប្រាប់អ្វីដល់អ្នកណាម្នាក់ឡើយអំពីហេតុការណ៍ដែលពួកគេបានឃើញ។
37 ថ្ងៃបន្ទាប់ ពេលពួកគេចុះពីភ្នំមក បណ្ដាជនច្រើនកុះករបានមកជួបព្រះអង្គ
38 ហើយមើល៍ មានបុរសម្នាក់ស្រែកពីក្នុងចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! ខ្ញុំសូមអង្វរ សូមមើលកូនប្រុសរបស់ខ្ញុំផង ព្រោះវាជាកូនតែមួយរបស់ខ្ញុំ
39 ដ្បិតមានវិញ្ញាណមួយចូលក្នុងវា ហើយស្រែកឡើងភ្លាម រួចផ្ដួលកូនខ្ញុំឲ្យដួលប្រកាច់ប្រកិនបែកពពុះមាត់ ហើយវាញាំញីកូនរបស់ខ្ញុំមិនងាយចេញឡើយ។
40 ខ្ញុំបានអង្វរពួកសិស្សរបស់លោកឲ្យពួកគេបណ្ដេញវិញ្ញាណនោះចេញដែរ ប៉ុន្ដែពួកគេមិនអាចធ្វើបានសោះ»។
41 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ឱ ជំនាន់មនុស្សគ្មានជំនឿ និងមានចិត្ដវៀចអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូនប្រុសរបស់អ្នកមកទីនេះ!»
42 ពេលកូននោះកំពុងចូលមកជិតនៅឡើយ អារក្សបានធ្វើឲ្យដួលប្រកាច់ប្រកិន ហើយព្រះយេស៊ូក៏បន្ទោសដល់វិញ្ញាណអាក្រក់នោះ ទាំងប្រោសក្មេងនោះឲ្យបានជា រួចប្រគល់ឲ្យទៅឪពុករបស់វាវិញ។