54 កាលលោកយ៉ាកុប និងលោកយ៉ូហានជាសិស្សបានឃើញហើយ ក៏ទូលថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គចង់ឲ្យយើងហៅភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះពួកគេដែរឬទេ?»
55 ប៉ុន្ដែព្រះអង្គបានបែរមកបន្ទោសពួកសិស្ស [ថា៖ «អ្នករាល់គ្នាមិនដឹងថាខ្លួនឯងមានវិញ្ញាណបែបណាទេ
56 ដ្បិតកូនមនុស្សមិនបានមកដើម្បីបំផ្លាញជីវិតមនុស្សទេ គឺដើម្បីសង្គ្រោះពួកគេវិញ»] រួចពួកគេក៏ចេញទៅភូមិផ្សេងទៀត។
57 ពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវ មានបុរសម្នាក់ទូលទៅព្រះអង្គថា៖ «ខ្ញុំនឹងដើរតាមលោក ទោះបីលោកទៅទីណាក៏ដោយ»
58 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សត្វកញ្ជ្រោងមានរូង ឯសត្វស្លាបលើមេឃមានសំបុក ប៉ុន្ដែកូនមនុស្សគ្មានកន្លែងសម្រាប់ដាក់ក្បាលកើយឡើយ»។
59 ព្រះអង្គមានបន្ទូលទៅម្នាក់ទៀតថា៖ «ចូរមកតាមខ្ញុំចុះ» ប៉ុន្ដែអ្នកនោះទូលថា៖ «ព្រះអម្ចាស់អើយ! សូមអនុញ្ញាតឲ្យខ្ញុំទៅបញ្ចុះសពឪពុករបស់ខ្ញុំជាមុនសិន»
60 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទុកឲ្យមនុស្សស្លាប់បញ្ចុះគ្នាគេចុះ រីឯអ្នកវិញ ចូរទៅផ្សាយពីនគរព្រះជាម្ចាស់ចុះ»។