លូកា 9:56-62 KCB

56 ដ្បិត​កូន​មនុស្ស​មិន​បាន​មក​ដើម្បី​បំផ្លាញ​ជីវិត​មនុស្ស​ទេ​ គឺ​ដើម្បី​សង្គ្រោះ​ពួកគេ​វិញ»]​ រួច​ពួកគេ​ក៏​ចេញ​ទៅ​ភូមិ​ផ្សេង​ទៀត។​

57 ពេល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ មាន​បុរស​ម្នាក់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ខ្ញុំ​នឹង​ដើរ​តាម​លោក​ ទោះ​បី​លោក​ទៅ​ទីណា​ក៏ដោយ»​

58 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សត្វ​កញ្ជ្រោង​មាន​រូង​ ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​ ប៉ុន្ដែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ»។​

59 ព្រះអង្គ​មាន​បន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖​ «ចូរ​មក​តាម​ខ្ញុំ​ចុះ»​ ប៉ុន្ដែ​អ្នក​នោះ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​ខ្ញុំ​ជា​មុន​សិន»​

60 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​គ្នា​គេ​ចុះ​ រីឯ​អ្នក​វិញ​ ចូរ​ទៅ​ផ្សាយ​ពី​នគរ​ព្រះជាម្ចាស់​ចុះ»។​

61 មាន​ម្នាក់​ទៀត​ទូល​ដែរ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ​ ប៉ុន្ដែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​លា​ពួក​អ្នក​ផ្ទះ​របស់​ខ្ញុំ​សិន»។​

62 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «អ្នក​ដែល​ដាក់​ដៃ​លើ​នង្គ័ល​ ហើយ​មើល​ទៅ​អ្វីៗ​នៅ​ខាង​ក្រោយ​ មិន​សម​នឹង​នគរ​ព្រះជាម្ចាស់​ឡើយ»។​