19 នៅទីនោះ ជនជាតិអ៊ីស្រាអែលបានចាត់អ្នកនាំពាក្យឲ្យទៅគាល់ព្រះបាទស៊ីហុន ជាស្ដេចនៃជនជាតិអាម៉ូរី ដែលគ្រងរាជ្យនៅក្រុងហេសបូន ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអាម៉ូរី ឆ្ពោះទៅកាន់ស្រុកដែលព្រះជាម្ចាស់បានបម្រុងទុកសម្រាប់ពួកគេ។
20 ប៉ុន្តែ ព្រះបាទស៊ីហុនពុំទុកចិត្តជនជាតិអ៊ីស្រាអែល ដោយឲ្យពួកគេឆ្លងកាត់ទឹកដីស្រុកអាម៉ូរីឡើយ។ ស្ដេចប្រមូលទ័ពទាំងអស់ទៅបោះទីតាំងនៅយ៉ាហាស់ ហើយវាយជនជាតិអ៊ីស្រាអែល។
21 ពេលនោះ ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែល បានប្រគល់ស្ដេចស៊ីហុន និងពលទ័ពរបស់ស្ដេច មកក្នុងកណ្ដាប់ដៃជនជាតិអ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលទទួលជ័យជំនះ ហើយចាប់យកទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី។
22 ជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងចាប់តាំងពីវាលរហោស្ថានខាងកើត រហូតដល់ទន្លេយ័រដាន់។
23 ព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែលទេតើ ដែលបានប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ដណ្ដើមយកបានទឹកដីរបស់ជនជាតិអាម៉ូរី។ ឥឡូវនេះ តើព្រះករុណាចង់ដណ្ដើមយកពីយើងវិញឬ?
24 ព្រះករុណាបានកាន់កាប់ទឹកដីដែលព្រះកេម៉ូស ជាព្រះរបស់ព្រះករុណាបានប្រគល់ឲ្យ រីឯយើងវិញ តើយើងគ្មានសិទ្ធិនឹងកាន់កាប់ទឹកដី ដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានឲ្យយើងដណ្ដើមយកបាននោះទេឬអី?
25 តើព្រះករុណាគិតថា ទ្រង់ខ្លាំងពូកែជាងព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ ស្ដេចនៃជនជាតិម៉ូអាប់ឬ? ព្រះបាទបាឡាក់ពុំបានរករឿងជនជាតិអ៊ីស្រាអែល ហើយក៏មិនបានច្បាំងនឹងពួកគេដែរ។