14 លោកសាំសុនក៏ឆ្លើយថា៖ «មានចំណីចេញពីអ្នកឆី ហើយមានអាផ្អែមចេញពីអាខ្លាំងតើជាអ្វី?»។ បីថ្ងៃក្រោយមក យុវជនទាំងនោះនៅតែដោះប្រស្នាពុំរួចដដែល។
15 លុះដល់ថ្ងៃទីប្រាំពីរ ពួកគេនាំគ្នាទៅគំរាមប្រពន្ធលោកសាំសុនថា៖ «ចូរទៅលួងលោមប្ដីរបស់នាងឲ្យបកស្រាយប្រស្នា រួចមកប្រាប់យើងឲ្យដឹងផង បើមិនដូច្នោះទេ យើងនឹងដុតនាង ព្រមទាំងក្រុមគ្រួសារនាងឲ្យស្លាប់ទាំងអស់គ្នា។ ពួកនាងអញ្ជើញយើងមក ដើម្បីប្លន់យើងឬ?»។
16 ប្រពន្ធលោកសាំសុនទៅនិយាយជាមួយប្ដី ទាំងយំថា៖ «បងមិនបានស្រឡាញ់ខ្ញុំទេ គឺបងស្អប់ខ្ញុំ! បងបានចោទប្រស្នាដល់ជនជាតិខ្ញុំ ដោយមិនបកស្រាយន័យឲ្យខ្ញុំដឹងសោះ!»។ លោកសាំសុនតបវិញថា៖ «សូម្បីតែឪពុកម្ដាយរបស់បង ក៏បងមិនបានបកស្រាយប្រស្នានេះឲ្យដឹងផង ហេតុអ្វីបានជាបងត្រូវបកស្រាយប្រាប់អូនទៅវិញ?»។
17 ប្រពន្ធលោកយំរំអុកលោក ក្នុងរវាងប្រាំពីរថ្ងៃនៃពិធីជប់លៀងនោះ។ នៅថ្ងៃទីប្រាំពីរ ដោយនាងចេះតែរំអុកខ្លាំងពេក លោកសាំសុនក៏បកស្រាយប្រស្នាប្រាប់ប្រពន្ធ។ នាងប្រញាប់ប្រញាល់នាំចម្លើយទៅប្រាប់ជនជាតិរបស់នាង។
18 នៅថ្ងៃទីប្រាំពីរមុនពេលថ្ងៃលិច អ្នកក្រុងនាំគ្នាមកនិយាយជាមួយលោកសាំសុនថា៖ «តើមានអ្វីផ្អែមជាងទឹកឃ្មុំ? តើមានអ្វីខ្លាំងជាងសត្វសិង្ហ?»។ លោកក៏ឆ្លើយទៅពួកគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាមិនភ្ជួរដី ដោយប្រើគោញីរបស់ខ្ញុំទេនោះ អ្នកពុំអាចរកចម្លើយឃើញទេ»។
19 ដូច្នេះ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានមកសណ្ឋិតលើលោក ធ្វើឲ្យលោកមានកម្លាំងខ្លាំងក្លា។ លោកចុះទៅក្រុងអាសកាឡូន សម្លាប់អ្នកស្រុកនោះអស់សាមសិបនាក់ ហើយយកសម្លៀកបំពាក់របស់គេមកប្រគល់ឲ្យអស់អ្នកដែលបានបកស្រាយប្រស្នា។ បន្ទាប់មក ដោយខឹងខ្លាំងពេក លោកក៏វិលត្រឡប់ទៅផ្ទះឪពុករបស់លោកវិញ។
20 គេក៏លើកប្រពន្ធរបស់លោកទៅឲ្យបុរសម្នាក់ ដែលជាអ្នកកំដររបស់លោក។