1 នៅគ្រានោះ ស្រុកអ៊ីស្រាអែលគ្មានស្ដេចសោយរាជ្យទេ។ មានបុរសម្នាក់ក្នុងកុលសម្ព័ន្ធលេវី រស់នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ គាត់បានយកស្ត្រីម្នាក់ពីភូមិបេថ្លេហិម ក្នុងស្រុកយូដា មកធ្វើជាប្រពន្ធចុង។
2 ប៉ុន្តែ នាងបានក្បត់ចិត្តប្ដី ហើយចាកចេញពីប្ដីត្រឡប់ទៅនៅផ្ទះរបស់ឪពុកនាង នៅភូមិបេថ្លេហិម ក្នុងស្រុកយូដាវិញ។ នាងស្នាក់នៅទីនោះអស់រយៈពេលបួនខែ។
3 ប្ដីរបស់នាងបានធ្វើដំណើរទៅតាម ក្នុងគោលបំណងលួងលោមនាងឲ្យត្រឡប់មកវិញ។ គាត់បាននាំក្មេងបម្រើ និងសត្វលាពីរទៅជាមួយផង។ ស្ត្រីនោះអញ្ជើញប្ដីចូលទៅក្នុងផ្ទះរបស់ឪពុកនាង កាលឪពុកឃើញប្ដីរបស់នាង គាត់ក៏ទទួលដោយអំណរ។
4 ឪពុកក្មេកបានឃាត់កូនប្រសា ឲ្យនៅផ្ទះរបស់គាត់ចំនួនបីថ្ងៃ។ បុរសនោះបរិភោគអាហារ និងស្រា ព្រមទាំងសម្រាន្ដនៅទីនោះ។
5 នៅថ្ងៃទីបួន គេនាំគ្នាក្រោកតាំងពីព្រលឹម។ ពេលបុរសលេវីហៀបនឹងចេញដំណើរ ឪពុកក្មេកនិយាយទៅកាន់កូនប្រសាថា៖ «ចូរកូនបរិភោគសិនទៅ ដើម្បីឲ្យមានកម្លាំង រួចសឹមធ្វើដំណើរទៅចុះ»។
6 ដូច្នេះ អ្នកទាំងពីរក៏អង្គុយបរិភោគអាហារ និងផឹកស្រាជាមួយគ្នា។ បន្ទាប់មក ឪពុកក្មេកនិយាយទៅកាន់កូនប្រសាថា៖ «សុំកូនសម្រាកលេងនៅទីនេះមួយយប់ទៀតសិនទៅ»។
7 បុរសលេវីក្រោកឡើង ចង់ចេញដំណើរ ដោយឪពុកក្មេកចេះតែទទូចអង្វរពេក គាត់ក៏យល់ព្រមស្នាក់នៅមួយយប់ទៀត។