10 ប៉ុន្តែម្ដងនេះ បុរសលេវីប្រកែកពុំព្រមនៅទៀតទេ។ គាត់ក្រោកឡើងចេញដំណើរជាមួយប្រពន្ធចុង ព្រមទាំងសត្វលាទាំងពីររបស់គាត់ ដែលមានចងកែបរួចជាស្រេចនោះដែរ។ ពួកគេមកដល់កន្លែងមួយ នៅទល់មុខនឹងក្រុងយេប៊ូស ពោលគឺក្រុងយេរូសាឡឹម។
11 ពេលពួកគេមកដល់ក្បែរក្រុងយេប៊ូសនោះ ថ្ងៃកាន់តែទាបណាស់ហើយ ក្មេងបម្រើក៏និយាយទៅកាន់ចៅហ្វាយថា៖ «យើងគួរតែឆៀងចូលទៅសម្រាកនៅក្រុងរបស់សាសន៍យេប៊ូសមួយយប់ទៅ»។
12 ចៅហ្វាយឆ្លើយឡើងថា៖ «ទេ! យើងមិនត្រូវចូលទៅក្រុងរបស់សាសន៍ដទៃ ដែលគ្មានជនជាតិអ៊ីស្រាអែលនោះឡើយ យើងទៅសម្រាកនៅក្រុងគីបៀរវិញ»។
13 គាត់ក៏បន្ថែមទៀតថា៖ «យើងត្រូវតែស្រូតដំណើរឲ្យដល់ក្រុងគីបៀរ ឬភូមិរ៉ាម៉ា ហើយនៅទីនោះយើងនឹងសម្រាកកន្លែងណាមួយក៏បាន»។
14 ពួកគេក៏បន្តដំណើរទៅទៀត។ លុះមកដល់ជិតក្រុងគីបៀរ ក្នុងទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន ថ្ងៃបានលិចបាត់ទៅហើយ។
15 គេនាំគ្នាចូលទៅក្នុងក្រុងនោះ រកកន្លែងសម្រាក។ ពួកគេអង្គុយនៅតាមផ្លូវ ព្រោះគ្មាននរណាម្នាក់មកអញ្ជើញពួកគេឲ្យទៅសម្រាកនៅផ្ទះរបស់ខ្លួនឡើយ។
16 ល្ងាចនោះ មានលោកតាម្នាក់វិលត្រឡប់មកពីចម្ការវិញ គាត់មានដើមកំណើតនៅតំបន់ភ្នំអេប្រាអ៊ីម ហើយមករស់នៅក្រុងគីបៀរ ដែលមានសុទ្ធតែមនុស្សពីកុលសម្ព័ន្ធបេនយ៉ាមីន។