ចៅហ្វាយ 19:14-20 KHSV

14 ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​ទៀត។ លុះ​មក​ដល់​ជិត​ក្រុង​គីបៀរ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ថ្ងៃ​បាន​លិច​បាត់​ទៅ​ហើយ។

15 គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​នោះ រក​កន្លែង​សម្រាក។ ពួក​គេ​អង្គុយ​នៅ​តាម​ផ្លូវ ព្រោះ​គ្មាន​នរណា​ម្នាក់​មក​អញ្ជើញ​ពួក​គេ​ឲ្យ​ទៅ​សម្រាក​នៅ​ផ្ទះ​របស់​ខ្លួន​ឡើយ។

16 ល្ងាច​នោះ មាន​លោក​តា​ម្នាក់​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ គាត់​មាន​ដើម​កំណើត​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​មក​រស់​នៅ​ក្រុង​គីបៀរ ដែល​មាន​សុទ្ធ​តែ​មនុស្ស​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

17 ពេល​គាត់​ក្រឡេក​ទៅ ឃើញ​អ្នក​ដំណើរ​អង្គុយ​នៅ​តាម​ផ្លូវ​ដូច្នេះ លោក​តា​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា​ទៅ​ណា​ដែរ?»។

18 បុរស​លេវី​ក៏​តប​ថា៖ «យើង​ខ្ញុំ​មក​ពី​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខ្ញុំ នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​ផ្ទះ​ខ្ញុំ​ដែល​ជា​ដំណាក់​របស់​ព្រះ‌អម្ចាស់​វិញ។ ប៉ុន្តែ ក្នុង​ក្រុង​នេះ គ្មាន​នរណា​ម្នាក់​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។

19 យើង​ខ្ញុំ​មាន​ចំបើង និង​ស្មៅ​សម្រាប់​សត្វ​លា ព្រម​ទាំង​នំប៉័ង និង​ស្រា​ទំពាំង‌បាយជូរ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ប្រពន្ធ​ខ្ញុំ និង​អ្នក​បម្រើ​របស់​ខ្ញុំ​ទៀត​ផង គឺ​យើង​ខ្ញុំ​ពុំ​ត្រូវ​ការ​អ្វី​សោះ​ឡើយ»។

20 លោក​តា​ក៏​ពោល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ទទួល​ស្វា‌គមន៍​អ្នក នៅ​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ការ ដូច្នេះ មិន​ត្រូវ​សម្រាក​នៅ​តាម​ផ្លូវ​បែប​នេះ​ទេ!»។