15 គេនាំគ្នាចូលទៅក្នុងក្រុងនោះ រកកន្លែងសម្រាក។ ពួកគេអង្គុយនៅតាមផ្លូវ ព្រោះគ្មាននរណាម្នាក់មកអញ្ជើញពួកគេឲ្យទៅសម្រាកនៅផ្ទះរបស់ខ្លួនឡើយ។
16 ល្ងាចនោះ មានលោកតាម្នាក់វិលត្រឡប់មកពីចម្ការវិញ គាត់មានដើមកំណើតនៅតំបន់ភ្នំអេប្រាអ៊ីម ហើយមករស់នៅក្រុងគីបៀរ ដែលមានសុទ្ធតែមនុស្សពីកុលសម្ព័ន្ធបេនយ៉ាមីន។
17 ពេលគាត់ក្រឡេកទៅ ឃើញអ្នកដំណើរអង្គុយនៅតាមផ្លូវដូច្នេះ លោកតាសួរថា៖ «តើអ្នកអញ្ជើញមកពីណាទៅណាដែរ?»។
18 បុរសលេវីក៏តបថា៖ «យើងខ្ញុំមកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយធ្វើដំណើរទៅស្រុកខ្ញុំ នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ ខ្ញុំបានធ្វើដំណើរទៅភូមិបេថ្លេហិម ឥឡូវនេះ ខ្ញុំវិលទៅផ្ទះខ្ញុំដែលជាដំណាក់របស់ព្រះអម្ចាស់វិញ។ ប៉ុន្តែ ក្នុងក្រុងនេះ គ្មាននរណាម្នាក់ទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គេទេ។
19 យើងខ្ញុំមានចំបើង និងស្មៅសម្រាប់សត្វលា ព្រមទាំងនំប៉័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំផ្ទាល់ ប្រពន្ធខ្ញុំ និងអ្នកបម្រើរបស់ខ្ញុំទៀតផង គឺយើងខ្ញុំពុំត្រូវការអ្វីសោះឡើយ»។
20 លោកតាក៏ពោលទៅគាត់ថា៖ «ខ្ញុំសូមទទួលស្វាគមន៍អ្នក នៅផ្ទះរបស់ខ្ញុំ ហើយខ្ញុំនឹងផ្ដល់ឲ្យអ្នកនូវអ្វីៗដែលអ្នកត្រូវការ ដូច្នេះ មិនត្រូវសម្រាកនៅតាមផ្លូវបែបនេះទេ!»។
21 លោកតានាំពួកគេចូលទៅក្នុងផ្ទះ ហើយដាក់ស្មៅឲ្យសត្វលាស៊ីទៀតផង។ អ្នកដំណើរនាំគ្នាលាងជើង រួចក៏បរិភោគអាហារ និងផឹកស្រាជាមួយគ្នា។