20 លោកតាក៏ពោលទៅគាត់ថា៖ «ខ្ញុំសូមទទួលស្វាគមន៍អ្នក នៅផ្ទះរបស់ខ្ញុំ ហើយខ្ញុំនឹងផ្ដល់ឲ្យអ្នកនូវអ្វីៗដែលអ្នកត្រូវការ ដូច្នេះ មិនត្រូវសម្រាកនៅតាមផ្លូវបែបនេះទេ!»។
21 លោកតានាំពួកគេចូលទៅក្នុងផ្ទះ ហើយដាក់ស្មៅឲ្យសត្វលាស៊ីទៀតផង។ អ្នកដំណើរនាំគ្នាលាងជើង រួចក៏បរិភោគអាហារ និងផឹកស្រាជាមួយគ្នា។
22 ក្នុងពេលពួកគេកំពុងតែបរិភោគយ៉ាងសប្បាយ មានមនុស្សពាលក្នុងក្រុងនោះមកឡោមព័ទ្ធផ្ទះ ហើយគោះទ្វារខ្លាំងៗ ទាំងពោលទៅកាន់លោកតាម្ចាស់ផ្ទះថា៖ «ចូរនាំអ្នកដែលស្នាក់ក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងរួមដំណេកជាមួយគេផង!»។
23 លោកតាម្ចាស់ផ្ទះក៏ចេញមក ហើយពោលទៅកាន់ជនពាលថា៖ «ទេ! បងប្អូនអើយ ខ្ញុំសូមអង្វរបងប្អូនមេត្តាកុំប្រព្រឹត្តអំពើអាក្រក់បែបនេះអី! សូមកុំប្រព្រឹត្តអំពើថោកទាបឲ្យសោះ ព្រោះបុរសនេះជាភ្ញៀវរបស់ខ្ញុំ។
24 មើល៍ខ្ញុំមានកូនស្រីនៅក្រមុំព្រហ្មចារីនៅឡើយ ហើយអ្នកនោះក៏មានប្រពន្ធចុងរបស់គាត់ មកជាមួយដែរ។ ខ្ញុំនឹងនាំពួកនាងចេញមក ហើយបងប្អូនអាចយកពួកនាងទៅប្រព្រឹត្តតាមអំពើចិត្តបងប្អូនចុះ តែសូមកុំប្រព្រឹត្តអំពើថោកទាបជាមួយបុរសនេះឡើយ»។
25 ប៉ុន្តែ ជនពាលទាំងនោះពុំបានស្ដាប់ពាក្យអង្វររបស់លោកតាទេ។ ដូច្នេះ បុរសលេវីក៏នាំប្រពន្ធចុងរបស់ខ្លួនចេញមកក្រៅ ប្រគល់ទៅឲ្យពួកវា។ ពួកវានាំគ្នារំលោភលើនាង ហើយធ្វើបាបនាងពេញមួយយប់ រហូតទាល់តែជិតភ្លឺ ទើបលែងនាងមកវិញ។
26 ពេលព្រលឹមស្រាងៗ ស្ត្រីនោះដើរមកដួលនៅមាត់ច្រកចូលផ្ទះលោកតា ដែលប្ដីនាងស្នាក់នៅ។ នាងនៅទីនោះ រហូតដល់ថ្ងៃរះ។