ចៅហ្វាយ 19:3-9 KHSV

3 ប្ដី​របស់​នាង​បាន​ធ្វើ​ដំណើរ​ទៅ​តាម ក្នុង​គោល​បំណង​លួង‌លោម​នាង​ឲ្យ​ត្រឡប់​មក​វិញ។ គាត់​បាន​នាំ​ក្មេង​បម្រើ និង​សត្វ​លា​ពីរ​ទៅ​ជា​មួយ​ផង។ ស្ត្រី​នោះ​អញ្ជើញ​ប្ដី​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ឪពុក​នាង កាល​ឪពុក​ឃើញ​ប្ដី​របស់​នាង គាត់​ក៏​ទទួល​ដោយ​អំណរ។

4 ឪពុក​ក្មេក​បាន​ឃាត់​កូន​ប្រសា ឲ្យ​នៅ​ផ្ទះ​របស់​គាត់​ចំនួន​បី​ថ្ងៃ។ បុរស​នោះ​បរិភោគ​អាហារ និង​ស្រា ព្រម​ទាំង​សម្រាន្ដ​នៅ​ទី​នោះ។

5 នៅ​ថ្ងៃ​ទី​បួន គេ​នាំ​គ្នា​ក្រោក​តាំង​ពី​ព្រលឹម។ ពេល​បុរស​លេវី​ហៀប​នឹង​ចេញ​ដំណើរ ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «ចូរ​កូន​បរិភោគ​សិន​ទៅ ដើម្បី​ឲ្យ​មាន​កម្លាំង រួច​សឹម​ធ្វើ​ដំណើរ​ទៅ​ចុះ»។

6 ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​អង្គុយ​បរិភោគ​អាហារ និង​ផឹក​ស្រា​ជា​មួយ​គ្នា។ បន្ទាប់​មក ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «សុំ​កូន​សម្រាក​លេង​នៅ​ទី​នេះ​មួយ​យប់​ទៀត​សិន​ទៅ»។

7 បុរស​លេវី​ក្រោក​ឡើង ចង់​ចេញ​ដំណើរ ដោយ​ឪពុក​ក្មេក​ចេះ​តែ​ទទូច​អង្វរ​ពេក គាត់​ក៏​យល់​ព្រម​ស្នាក់​នៅ​មួយ​យប់​ទៀត។

8 នៅ​ថ្ងៃ​ទី​ប្រាំ គាត់​ក្រោក​តាំង​ពី​ព្រលឹម ដើម្បី​ចេញ​ដំណើរ។ ប៉ុន្តែ ឪពុក​ក្មេក​និយាយ​ទៅ​គាត់​ថា៖ «សូម​កូន​បរិភោគ​អាហារ​សិន ចាំ​ដល់​ថ្ងៃ​ជ្រេ​សឹម​ចេញ​ដំណើរ​ទៅ​ចុះ»។ ដូច្នេះ គេ​ក៏​នាំ​គ្នា​បរិភោគ។

9 នៅ​ពេល​ដែល​បុរស​លេវី​ចង់​ចេញ​ដំណើរ​ទៅ​ជា​មួយ​ប្រពន្ធ​ចុង និង​អ្នក​បម្រើ​របស់​គាត់ ឪពុក​ក្មេក​ក៏​និយាយ​ទៅ​គាត់​ទៀត​ថា៖ «មើល៍ ឥឡូវ​នេះ​ជ្រុល​ពេល​ហើយ ហើយ​ថ្ងៃ​ក៏​ជិត​លិច​ដែរ ចូរ​នាំ​គ្នា​សម្រាក​លេង​ទី​នេះ​ទៅ។ ចាំ​ស្អែក សឹម​ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​កូន​វិញ​ចុះ»។