ចៅហ្វាយ 20:18-24 KHSV

18 ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ឡើង​ទៅ​បេត‌អែល ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ចេញ​ទៅ​វាយ​ពួក​បេន‌យ៉ាមីន​មុន​គេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «កុល‌សម្ព័ន្ធ​យូដា​ត្រូវ​ចេញ​ទៅ​មុន​គេ»។

19 ជន‌ជាតិ​អ៊ីស្រា‌អែល​ក្រោក​ឡើង​ពី​ព្រលឹម នាំ​គ្នា​ទៅ​បោះ​ទ័ព​នៅ​ទល់​មុខ​នឹង​គីបៀរ។

20 បន្ទាប់​មក កង‌ទ័ព​អ៊ីស្រា‌អែល​ចូល​ទៅ​ប្រយុទ្ធ​នឹង​បេន‌យ៉ាមីន ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ។

21 កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​ពី​ក្រុង​គីបៀរ ហើយ​ក្នុង​ថ្ងៃ​នោះ ពួក​គេ​បាន​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​នៅ​លើ​សមរ‌ភូមិ​អស់​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។

22 ទាហាន​អ៊ីស្រា‌អែល​ក៏​បាន​ពង្រឹង​ទឹក​ចិត្ត​ឡើង​វិញ ហើយ​តំរៀប​ទ័ព​នៅ​លើ​សមរ‌ភូមិ​ដដែល។

23 បន្ទាប់​មក ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ចេញ​ទៅ​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​រហូត​ដល់​ល្ងាច ដោយ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​នឹង​ពួក​បេន‌យ៉ាមីន ជា​បង‌ប្អូន​របស់​យើង​ខ្ញុំ​ទៀត​ឬ​ទេ?»។ ព្រះ‌អម្ចាស់​ឆ្លើយ​ថា៖ «ចូរ​ឡើង​ទៅ​វាយ​ពួក​គេ​ចុះ!»។

24 ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​វាយ​លុក​កូន​ចៅ​បេន‌យ៉ាមីន​សា​ជា​ថ្មី។