ចៅហ្វាយ 20:26-32 KHSV

26 ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​ឯ​បេត‌អែល អង្គុយ​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ថ្ងៃ​នោះ ពួក​គេ​បាន​តម​អាហារ​រហូត​ដល់​ល្ងាច។ ពួក​គេ​បាន​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត*​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព*​ចំពោះ​ព្រះ‌អម្ចាស់។

27 ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់ ដ្បិត​គ្រា​នោះ ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​បេត‌អែល

28 ហើយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេ‌ឡា‌សារ និង​ជា​ចៅ​របស់​លោក​អើរ៉ុន ជា​អ្នក​បម្រើ​ព្រះ‌អង្គ​នៅ​ទី​នោះ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ពួក​បេន‌យ៉ាមីន ជា​បង‌ប្អូន​របស់​យើង​ខ្ញុំ​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម?»។ ព្រះ‌អម្ចាស់​ឆ្លើយ​តប​មក​វិញ​ថា៖ «ចូរ​ចេញ​ទៅ​ចុះ ស្អែក​យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

29 ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បង្កប់​ទ័ព​ឆ្មក់​នៅ​ជុំ‌វិញ​ក្រុង​គីបៀរ។

30 នៅ​ថ្ងៃ​ទី​បី ពួក​គេ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​កូន​ចៅ​បេន‌យ៉ាមីន​ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ ដូច​លើក​មុន​ដែរ។

31 ពេល​នោះ កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​មក​ប្រយុទ្ធ​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​ទ័ព​អ៊ីស្រា‌អែល​បាន​នាំ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ក្រុង។ កង‌ទ័ព​បេន‌យ៉ាមីន​ប្រហារ​ជីវិត​ទាហាន​អ៊ីស្រា‌អែល ដូច​លើក​មុន​ដែរ គឺ​ពួក​គេ​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ចំនួន​សាម‌សិប​នាក់ ក្នុង​វាល​ស្រែ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​បេត‌អែល និង​តាម​ផ្លូវ​ទៅ​ក្រុង​គីបៀរ។

32 កូន​ចៅ​បេន‌យ៉ាមីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​វា​បាក់​ទ័ព​ដូច​គ្រា​មុន​ទៀត​ហើយ!»។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​ពោល​ថា៖ «យើង​នាំ​គ្នា​រត់​ទៅ ដើម្បី​ទាក់‌ទាញ​ពួក​វា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុង»។