29 ជនជាតិអ៊ីស្រាអែលបានបង្កប់ទ័ពឆ្មក់នៅជុំវិញក្រុងគីបៀរ។
30 នៅថ្ងៃទីបី ពួកគេចេញទៅប្រយុទ្ធនឹងកូនចៅបេនយ៉ាមីនដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ ដូចលើកមុនដែរ។
31 ពេលនោះ កូនចៅបេនយ៉ាមីនក៏ចេញមកប្រយុទ្ធនឹងប្រជាជនអ៊ីស្រាអែល ហើយទ័ពអ៊ីស្រាអែលបាននាំពួកគេចេញឆ្ងាយពីក្រុង។ កងទ័ពបេនយ៉ាមីនប្រហារជីវិតទាហានអ៊ីស្រាអែល ដូចលើកមុនដែរ គឺពួកគេសម្លាប់ទាហានអ៊ីស្រាអែលអស់ចំនួនសាមសិបនាក់ ក្នុងវាលស្រែដែលស្ថិតនៅតាមផ្លូវទៅបេតអែល និងតាមផ្លូវទៅក្រុងគីបៀរ។
32 កូនចៅបេនយ៉ាមីនពោលថា៖ «មើលហ្ន៎! ពួកវាបាក់ទ័ពដូចគ្រាមុនទៀតហើយ!»។ រីឯជនជាតិអ៊ីស្រាអែលវិញ គេពោលថា៖ «យើងនាំគ្នារត់ទៅ ដើម្បីទាក់ទាញពួកវាចេញឲ្យឆ្ងាយពីក្រុង»។
33 បន្ទាប់មក កងទ័ពអ៊ីស្រាអែលបានចេញពីកន្លែងរៀងៗខ្លួន មកប្រមូលផ្ដុំគ្នានៅបាល-តាម៉ារ រីឯទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងលាក់ខ្លួននៅត្រង់វាលទំនាបគីបៀរមកដែរ។
34 ទាហានដ៏ចំណានៗចំនួនមួយម៉ឺននាក់ ដែលគេបានជ្រើសរើសពីក្នុងចំណោមកងទ័ពអ៊ីស្រាអែលទាំងមូល ក៏លើកគ្នាមកដល់មុខក្រុងគីបៀរ។ ពេលនោះ ការប្រយុទ្ធមួយដ៏សាហាវបានចាប់ផ្ដើមឡើង ប៉ុន្តែ ពួកបេនយ៉ាមីនពុំដឹងខ្លួនថា នឹងមានមហន្តរាយមួយកើតឡើងចំពោះពួកគេទេ។
35 ព្រះអម្ចាស់បានធ្វើឲ្យបេនយ៉ាមីនបាក់ទ័ព ហើយនៅថ្ងៃនោះ ជនជាតិអ៊ីស្រាអែលបានសម្លាប់ទាហានបេនយ៉ាមីន ដែលប្រដាប់ដោយដាវ អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់។