ចៅហ្វាយ 20:36-42 KHSV

36 ពេល​នោះ កូន​ចៅ​បេន‌យ៉ាមីន​ដឹង​ខ្លួន​ថា ពួក​គេ​ចាញ់​ហើយ ដ្បិត​នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​នោះ គឺ​មក​ពី​គេ​ទុក​ចិត្ត​លើ​អន្តរា‌គមន៍​របស់​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន នៅ​ជុំ‌វិញ​ក្រុង​គីបៀរ។

37 ទ័ព​ឆ្មក់​វាយ​សម្រុក​យ៉ាង​លឿន​ចូល​ក្នុង​ក្រុង​គីបៀរ ហើយ​ចាប់​យក​ទីក្រុង ព្រម​ទាំង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ​ទៀត​ផង។

38 កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​បាន​សន្មត​គ្នា​ជា​មួយ​ទ័ព​ឆ្មក់​ថា នៅ​ពេល​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង

39 កង‌ទ័ព​ដែល​រត់​នៅ​មុខ​កង‌ទ័ព​បេន‌យ៉ាមីន ត្រូវ​បក​ក្រោយ​វិញ។ កង‌ទ័ព​បេន‌យ៉ាមីន​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ប្រមាណ​ជា​សាម‌សិប​នាក់ ហើយ​ពួក​គេ​នឹក​គិត​ថា៖ «ពួក​វា​ប្រាកដ​ជា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​លើក​មុន​ដែរ!»។

40 ពេល​នោះ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​យ៉ាង​ខ្មួល‌ខ្មាញ់​ពី​ទីក្រុង។ កង‌ទ័ព​បេន‌យ៉ាមីន​ក្រឡេក​មើល​ក្រោយ​ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ​ចេញ​ពី​ទីក្រុង​ទាំង​មូល។

41 កង‌ទ័ព​អ៊ីស្រា‌អែល​ក៏​បក​ក្រោយ ធ្វើ​ឲ្យ​កង‌ទ័ព​បេន‌យ៉ាមីន​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង ដោយ​ឃើញ​មហន្ត‌រាយ​កើត​ឡើង​ចំពោះ​ពួក​គេ​ដូច្នេះ។

42 ពួក​គេ​បែរ​ក្រោយ​រត់​គេច​ពី​កង‌ទ័ព​អ៊ីស្រា‌អែល សំដៅ​ទៅ​វាល​រហោ‌ស្ថាន ប៉ុន្តែ កង‌ទ័ព​អ៊ីស្រា‌អែល​បាន​ដេញ​តាម​ពួក​គេ ហើយ​ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ក្រុង​មក​ដែរ រួច​វាយ​ផ្ទប់​សម្លាប់​រង្គាល​ពួក​គេ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល។