ចៅហ្វាយ 20:41-47 KHSV

41 កង‌ទ័ព​អ៊ីស្រា‌អែល​ក៏​បក​ក្រោយ ធ្វើ​ឲ្យ​កង‌ទ័ព​បេន‌យ៉ាមីន​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង ដោយ​ឃើញ​មហន្ត‌រាយ​កើត​ឡើង​ចំពោះ​ពួក​គេ​ដូច្នេះ។

42 ពួក​គេ​បែរ​ក្រោយ​រត់​គេច​ពី​កង‌ទ័ព​អ៊ីស្រា‌អែល សំដៅ​ទៅ​វាល​រហោ‌ស្ថាន ប៉ុន្តែ កង‌ទ័ព​អ៊ីស្រា‌អែល​បាន​ដេញ​តាម​ពួក​គេ ហើយ​ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ក្រុង​មក​ដែរ រួច​វាយ​ផ្ទប់​សម្លាប់​រង្គាល​ពួក​គេ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល។

43 កង‌ទ័ព​អ៊ីស្រា‌អែល​ឡោម‌ព័ទ្ធ​ទ័ព​បេន‌យ៉ាមីន និង​ដេញ​សម្លាប់​ពួក​គេ រហូត​ដល់​ខាង​កើត​ក្រុង​គីបៀរ មិន​ទុក​ឱកាស​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ។

44 ទាហាន​បេន‌យ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់។

45 ក្នុង​ចំណោម​ទាហាន​បេន‌យ៉ាមីន ដែល​រត់​គេច​ខ្លួន​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន មាន​ប្រាំ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់ នៅ​តាម​ផ្លូវ​ទៅ​ផ្ទាំង​ថ្ម​រីម៉ូន។ កង‌ទ័ព​អ៊ីស្រា‌អែល​ដេញ​តាម​ពួក​គេ​រហូត​ដល់​គី‌ដូម ហើយ​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។

46 នៅ​ថ្ងៃ​នោះ ទាហាន​បេន‌យ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​ទាំង​អស់​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់។

47 រីឯ​ពួក​ដែល​រត់​ទៅ​វាល​រហោ‌ស្ថាន មាន​ចំនួន​ប្រាំ​មួយ​រយ​នាក់​បាន​រួច​ខ្លួន ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​រីម៉ូន ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។