12 ក្នុងចំណោមប្រជាជនភូមិយ៉ាបេស គេឃើញមានស្ត្រីក្រមុំព្រហ្មចារីចំនួនបួនរយនាក់។ ពួកគេក៏នាំស្ត្រីក្រមុំទាំងនោះទៅជំរំស៊ីឡូ ក្នុងស្រុកកាណាន។
13 បន្ទាប់មក សហគមន៍ទាំងមូលបានចាត់អ្នកនាំពាក្យ ឲ្យទៅនិយាយជាមួយកូនចៅបេនយ៉ាមីន ដែលភៀសខ្លួនទៅនៅត្រង់ផ្ទាំងថ្មរីម៉ូន នោះថា អ៊ីស្រាអែលលើកលែងទោសឲ្យពួកគេហើយ។
14 នៅគ្រានោះ ពួកបេនយ៉ាមីនក៏នាំគ្នាវិលត្រឡប់មកទីលំនៅរបស់គេវិញ ហើយជនជាតិអ៊ីស្រាអែលបានប្រគល់ស្ត្រីនៅភូមិយ៉ាបេស ដែលគេមិនបានសម្លាប់ ឲ្យពួកបេនយ៉ាមីនធ្វើជាប្រពន្ធ។ ប៉ុន្តែ ស្ត្រីទាំងនោះមានចំនួនមិនគ្រប់គ្រាន់សម្រាប់ពួកគេទាំងអស់គ្នាទេ។
15 ជនជាតិអ៊ីស្រាអែលស្ដាយកុលសម្ព័ន្ធបេនយ៉ាមីនណាស់ ព្រោះព្រះអម្ចាស់បានបំបាត់ពួកគេពីក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល។
16 ពេលនោះ អស់លោកព្រឹទ្ធាចារ្យនៃសហគមន៍មានប្រសាសន៍ថា៖ «តើយើងត្រូវធ្វើដូចម្ដេច ដើម្បីឲ្យពួកបេនយ៉ាមីនដែលនៅរស់អាចមានប្រពន្ធ បើស្ត្រីៗក្នុងកុលសម្ព័ន្ធបេនយ៉ាមីនស្លាប់អស់ទៅហើយ?
17 ពួកបេនយ៉ាមីនត្រូវតែបន្តពូជពង្សរបស់ខ្លួន ដើម្បីកុំឲ្យកុលសម្ព័ន្ធមួយរបស់ជនជាតិអ៊ីស្រាអែលរលាយសូន្យឡើយ។
18 ប៉ុន្តែ យើងមិនអាចលើកកូនស្រីរបស់យើងឲ្យធ្វើជាប្រពន្ធរបស់ពួកគេទេ ពីព្រោះយើងបានស្បថថា “អ្នកណាលើកកូនស្រីឲ្យពួកបេនយ៉ាមីន អ្នកនោះនឹងត្រូវបណ្ដាសា”»។