15 ជនជាតិអ៊ីស្រាអែលស្ដាយកុលសម្ព័ន្ធបេនយ៉ាមីនណាស់ ព្រោះព្រះអម្ចាស់បានបំបាត់ពួកគេពីក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល។
16 ពេលនោះ អស់លោកព្រឹទ្ធាចារ្យនៃសហគមន៍មានប្រសាសន៍ថា៖ «តើយើងត្រូវធ្វើដូចម្ដេច ដើម្បីឲ្យពួកបេនយ៉ាមីនដែលនៅរស់អាចមានប្រពន្ធ បើស្ត្រីៗក្នុងកុលសម្ព័ន្ធបេនយ៉ាមីនស្លាប់អស់ទៅហើយ?
17 ពួកបេនយ៉ាមីនត្រូវតែបន្តពូជពង្សរបស់ខ្លួន ដើម្បីកុំឲ្យកុលសម្ព័ន្ធមួយរបស់ជនជាតិអ៊ីស្រាអែលរលាយសូន្យឡើយ។
18 ប៉ុន្តែ យើងមិនអាចលើកកូនស្រីរបស់យើងឲ្យធ្វើជាប្រពន្ធរបស់ពួកគេទេ ពីព្រោះយើងបានស្បថថា “អ្នកណាលើកកូនស្រីឲ្យពួកបេនយ៉ាមីន អ្នកនោះនឹងត្រូវបណ្ដាសា”»។
19 អស់លោកទាំងនោះពោលទៀតថា៖ «រៀងរាល់ឆ្នាំ យើងតែងប្រារព្ធពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ នៅស៊ីឡូ» (ស៊ីឡូស្ថិតនៅខាងជើងបេតអែល នៅខាងត្បូងលេបូណា និងនៅខាងកើតផ្លូវដែលភ្ជាប់បេតអែលទៅស៊ីគែម)។
20 ពួកគេបញ្ជាកូនចៅបេនយ៉ាមីនថា៖ «ចូរអ្នករាល់គ្នាទៅលាក់ខ្លួននៅក្នុងចម្ការទំពាំងបាយជូរ
21 ហើយចាំឃ្លាំមើល។ កាលណាមានស្ត្រីក្រមុំចេញពីស៊ីឡូមករាំលេង អ្នករាល់គ្នាត្រូវស្ទុះចេញពីក្នុងចម្ការទំពាំងបាយជូរមក ហើយចាប់នាងទាំងនោះម្នាក់មួយៗ នាំយកទៅក្នុងទឹកដីបេនយ៉ាមីន ដើម្បីធ្វើជាប្រពន្ធរបស់អ្នករាល់គ្នាទៅ។