ចៅហ្វាយ 21:17-23 KHSV

17 ពួក​បេន‌យ៉ាមីន​ត្រូវ​តែ​បន្ត​ពូជ‌ពង្ស​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​កុល‌សម្ព័ន្ធ​មួយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រលាយ​សូន្យ​ឡើយ។

18 ប៉ុន្តែ យើង​មិន​អាច​លើក​កូន​ស្រី​របស់​យើង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​ទេ ពី‌ព្រោះ​យើង​បាន​ស្បថ​ថា “អ្នក​ណា​លើក​កូន​ស្រី​ឲ្យ​ពួក​បេន‌យ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា”»។

19 អស់​លោក​ទាំង​នោះ​ពោល​ទៀត​ថា៖ «រៀង​រាល់​ឆ្នាំ យើង​តែង​ប្រារព្ធ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ស៊ីឡូ» (ស៊ីឡូ​ស្ថិត​នៅ​ខាង​ជើង​បេត‌អែល នៅ​ខាង​ត្បូង​លេបូ‌ណា និង​នៅ​ខាង​កើត​ផ្លូវ​ដែល​ភ្ជាប់​បេត‌អែល​ទៅ​ស៊ីគែម)។

20 ពួក​គេ​បញ្ជា​កូន​ចៅ​បេន‌យ៉ាមីន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ

21 ហើយ​ចាំ​ឃ្លាំ​មើល។ កាល​ណា​មាន​ស្ត្រី​ក្រមុំ​ចេញ​ពី​ស៊ីឡូ​មក​រាំ​លេង អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​មក ហើយ​ចាប់​នាង​ទាំង​នោះ​ម្នាក់​មួយៗ នាំ​យក​ទៅ​ក្នុង​ទឹក​ដី​បេន‌យ៉ាមីន ដើម្បី​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​ទៅ។

22 ប្រសិន​បើ​ឪពុក ឬ​បង​ប្រុស​របស់​ពួក​នាង​មក​ប្ដឹង​យើង យើង​នឹង​អង្វរ​ពួក​គេ​ថា “សូម​មេត្តា​អនុ‌គ្រោះ​ពួក​បេន‌យ៉ាមីន​ផង ពី‌ព្រោះ​នៅ​ពេល​យើង​ទៅ​វាយ​ប្រហារ​ភូមិ​យ៉ាបេស នោះ​យើង​រក​ស្ត្រី​មក​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ មិន​បាន​គ្រប់ៗ​គ្នា​ទេ។ ម្យ៉ាង​ទៀត បង‌ប្អូន​ក៏​មិន​បាន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ដែរ ដូច្នេះ បង‌ប្អូន​គ្មាន​ធ្វើ​អ្វី​ខុស​នឹង​ពាក្យ​សម្បថ​នោះ​ឡើយ”»។

23 ពួក​បេន‌យ៉ាមីន​ក៏​ធ្វើ​តាម គឺ​ពួក​គេ​ចាប់​ស្ត្រី​ក្នុង​ចំណោម​ស្ត្រី​ក្រមុំ ដែល​ចេញ​មក​រាំ​នៅ​ស៊ីឡូ គ្រប់​ចំនួន ហើយ​នាំ​យក​ទៅ​ជា​មួយ​ខ្លួន។ ពួក​គេ​វិល​ត្រឡប់​ទៅ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ហើយ​កសាង​ក្រុង​ឡើង​វិញ ព្រម​ទាំង​រស់​នៅ​ទី​នោះ​ទៅ។