21 ហើយចាំឃ្លាំមើល។ កាលណាមានស្ត្រីក្រមុំចេញពីស៊ីឡូមករាំលេង អ្នករាល់គ្នាត្រូវស្ទុះចេញពីក្នុងចម្ការទំពាំងបាយជូរមក ហើយចាប់នាងទាំងនោះម្នាក់មួយៗ នាំយកទៅក្នុងទឹកដីបេនយ៉ាមីន ដើម្បីធ្វើជាប្រពន្ធរបស់អ្នករាល់គ្នាទៅ។
22 ប្រសិនបើឪពុក ឬបងប្រុសរបស់ពួកនាងមកប្ដឹងយើង យើងនឹងអង្វរពួកគេថា “សូមមេត្តាអនុគ្រោះពួកបេនយ៉ាមីនផង ពីព្រោះនៅពេលយើងទៅវាយប្រហារភូមិយ៉ាបេស នោះយើងរកស្ត្រីមកឲ្យពួកគេធ្វើជាប្រពន្ធ មិនបានគ្រប់ៗគ្នាទេ។ ម្យ៉ាងទៀត បងប្អូនក៏មិនបានលើកកូនស្រីឲ្យពួកគេដែរ ដូច្នេះ បងប្អូនគ្មានធ្វើអ្វីខុសនឹងពាក្យសម្បថនោះឡើយ”»។
23 ពួកបេនយ៉ាមីនក៏ធ្វើតាម គឺពួកគេចាប់ស្ត្រីក្នុងចំណោមស្ត្រីក្រមុំ ដែលចេញមករាំនៅស៊ីឡូ គ្រប់ចំនួន ហើយនាំយកទៅជាមួយខ្លួន។ ពួកគេវិលត្រឡប់ទៅទឹកដីដែលជាមត៌ករបស់ខ្លួន ហើយកសាងក្រុងឡើងវិញ ព្រមទាំងរស់នៅទីនោះទៅ។
24 ក្នុងពេលជាមួយគ្នានោះ ជនជាតិអ៊ីស្រាអែលឯទៀតៗក៏ចាកចេញពីជំរំ វិលត្រឡប់ទៅរកកុលសម្ព័ន្ធ ក្រុមគ្រួសារ និងទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។
25 នៅគ្រានោះ ស្រុកអ៊ីស្រាអែលគ្មានស្ដេចសោយរាជ្យទេ ម្នាក់ៗធ្វើអ្វីៗតាមតែខ្លួនយល់ឃើញ។