1 លោកគេឌាន ហៅយេរូបាល ក្រោកពីព្រលឹម ហើយចេញដំណើរជាមួយកងពលរបស់លោក ទៅបោះទ័ពនៅជិតប្រភពទឹកហារ៉ូដ។ ទីតាំងទ័ពរបស់ជនជាតិម៉ាឌានស្ថិតនៅខាងជើងទីតាំងទ័ពរបស់លោកគេឌាន ត្រង់ជ្រលងភ្នំ ក្បែរភ្នំម៉ូរេ។
2 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ទ័ពរបស់អ្នកមានចំនួនច្រើនពេក យើងនឹងមិនឲ្យគេមានជ័យជំនះលើជនជាតិម៉ាឌានទេ ដ្បិតជនជាតិអ៊ីស្រាអែលមុខជាដណ្ដើមយកសិរីរុងរឿងពីយើង ដោយពោលថា គេទទួលបានជ័យជំនះដោយសារកម្លាំងរបស់ខ្លួន
3 ដូច្នេះ ចូរប្រកាសប្រាប់ពលទ័ពដូចតទៅ: អ្នកណាខ្លាច និងភ័យតក់ស្លុត អ្នកនោះត្រូវចុះពីភ្នំកាឡាដ វិលត្រឡប់ទៅវិញចុះ»។ ពេលនោះ ពលទ័ពពីរម៉ឺនពីរពាន់នាក់នាំគ្នាវិលត្រឡប់ទៅវិញ នៅសល់តែមួយម៉ឺននាក់ប៉ុណ្ណោះ។
4 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកគេឌានទៀតថា៖ «កងទ័ពនៅតែមានចំនួនច្រើននៅឡើយ។ ចូរនាំពួកគេចុះទៅមាត់ស្ទឹង នៅទីនោះ យើងនឹងជ្រើសរើសទ័ពឲ្យអ្នក គឺយើងនឹងប្រាប់ឲ្យអ្នកដឹងថា នរណាត្រូវទៅជាមួយអ្នក ហើយនរណាមិនត្រូវទៅ»។