22 នៅគ្រានោះ ព្រះបាទអប៊ីម៉ាឡិចយាងមកជួបលោកអប្រាហាំ ដោយមានលោកភីកុល ជាមេទ័ពរបស់ព្រះអង្គមកជាមួយដែរ។ ស្ដេចមានរាជឱង្ការទៅលោកដូចតទៅ៖ «ព្រះជាម្ចាស់គង់ជាមួយលោកក្នុងគ្រប់កិច្ចការដែលលោកធ្វើ។
23 ដូច្នេះ សូមលោកស្បថជាមួយខ្ញុំនៅពេលនេះ ដោយមានព្រះជាម្ចាស់ជាសាក្សីនៅទីនេះ ថាលោកនឹងមិនក្បត់ខ្ញុំ កូនចៅខ្ញុំ ឬពូជពង្សរបស់ខ្ញុំឡើយ។ ខ្ញុំធ្លាប់មានចិត្តសប្បុរសចំពោះលោកយ៉ាងណា សូមលោកមានចិត្តសប្បុរសចំពោះខ្ញុំ និងទឹកដីដែលលោកស្នាក់នៅនេះយ៉ាងនោះដែរ»។
24 លោកអប្រាហាំទូលស្ដេចថា៖ «ទូលបង្គំសូមស្បថដូច្នេះ!»។
25 ប៉ុន្តែ លោកអប្រាហាំប្ដឹងព្រះបាទអប៊ីម៉ាឡិចស្ដីអំពីអណ្ដូងទឹក ដែលប្រជារាស្ត្ររបស់ព្រះបាទអប៊ីម៉ាឡិចបានដណ្ដើមយកពីលោក។
26 ព្រះបាទអប៊ីម៉ាឡិចតបវិញថា៖ «ខ្ញុំមិនដឹងថានរណាបានធ្វើដូច្នេះទេ ព្រោះលោកពុំបានប្រាប់ឲ្យខ្ញុំដឹង គឺខ្ញុំទើបតែដឹងនៅពេលនេះប៉ុណ្ណោះ»។
27 លោកអប្រាហាំបានយកចៀម និងគោ មកថ្វាយព្រះបាទអប៊ីម៉ាឡិច រួចលោកទាំងពីរចងសម្ពន្ធមេត្រីជាមួយគ្នា។
28 លោកអប្រាហាំញែកចៀមញីស្ទាវៗប្រាំពីរក្បាលទុកដោយឡែក។