លោកុ‌ប្បត្តិ 23:10-16 KHSV

10 លោក​អេប្រូន ជា​ជន‌ជាតិ​ហេត ក៏​អង្គុយ​រួម​ជា​មួយ​ជន​រួម​ជាតិ​របស់​គាត់​ឯ​ទៀតៗ​ដែរ។ គាត់​ឆ្លើយ​ទៅ​លោក​អប្រាហាំ​វិញ នៅ​ចំពោះ​មុខ​ជន‌ជាតិ​ហេត និង​នៅ​ចំពោះ​មុខ​មនុស្ស‌ម្នា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ថា៖

11 «លោក​ម្ចាស់ សូម​ស្ដាប់​ខ្ញុំ​ប្របាទ​សិន ខ្ញុំ​ប្របាទ​សូម​ប្រគល់​ដី​ចម្ការ ព្រម​ទាំង​គុហា​នៅ​ក្នុង​ចម្ការ​នោះ​ជូន​លោក​ម្ចាស់។ ខ្ញុំ​ប្របាទ​ជូន​លោក​ម្ចាស់​នៅ​ចំពោះ​មុខ​ជន‌ជាតិ​ខ្ញុំ​ប្របាទ​ទាំង​អស់។ សូម​លោក​ម្ចាស់​បញ្ចុះ​សព​ភរិយា​របស់​លោក​ម្ចាស់​នៅ​ទី​នោះ​ទៅ»។

12 លោក​អប្រាហាំ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ

13 ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេប្រូន​នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «សូម​លោក​ស្ដាប់​ខ្ញុំ​វិញ! ខ្ញុំ​សូម​ជូន​ប្រាក់​លោក​តាម​តម្លៃ​ដី សូម​លោក​ទទួល​យក​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ ខ្ញុំ​នឹង​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នោះ»។

14 ប៉ុន្តែ លោក​អេប្រូន​តប​ទៅ​លោក​អប្រាហាំ​ថា៖

15 «លោក​ម្ចាស់ សូម​ស្ដាប់​ខ្ញុំ! ដី​នេះ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​តែ​មួយ​រយ​ម្ភៃ​តម្លឹង​ប៉ុណ្ណោះ ដូច្នេះ គ្មាន​អ្វី​សំខាន់​រវាង​លោក​ម្ចាស់ និង​ខ្ញុំ​ទេ សូម​បញ្ចុះ​សព​ភរិយា​របស់​លោក​ទៅ!»។

16 លោក​អប្រាហាំ​ក៏​ព្រម​ព្រៀង​ជា​មួយ​លោក​អេប្រូន ហើយ​ថ្លឹង​ប្រាក់​ឲ្យ​គាត់ តាម​ចំនួន​ដែល​គាត់​បាន​និយាយ​នៅ​មុខ​ជន‌ជាតិ​ហេត គឺ​ប្រាក់​សុទ្ធ​មួយ​រយ​ម្ភៃ​តម្លឹង គិត​តាម​តម្លៃ​ដែល​គេ​លក់​ដី​នៅ​សម័យ​នោះ។