លោកុ‌ប្បត្តិ 23:3-9 KHSV

3 បន្ទាប់​មក លោក​អប្រាហាំ​ចាក​ចេញ​ពី​សាក‌សព​ភរិយា​ទៅ​និយាយ​នឹង​ជន‌ជាតិ​ហេត​ដូច​ត​ទៅ៖

4 «ខ្ញុំ​ជា​ជន​បរទេស ដែល​មក​ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន។ សូម​បង‌ប្អូន​មេត្តា​ចែក​ដី​បញ្ចុះ​សព​មួយ​កន្លែង ក្នុង​ស្រុក​របស់​បង‌ប្អូន​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ ដែល​ទើប​នឹង​ចែក​ស្ថាន​ទៅ»។

5 ជន‌ជាតិ​ហេត​តប​មក​លោក​អប្រាហាំ​វិញ​ថា៖

6 «លោក​ម្ចាស់ សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​សិន! ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​លោក​មាន​ឋានៈ​ខ្ពស់ ក្នុង​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​លោក​បញ្ចុះ​សព​ភរិយា​របស់​លោក នៅ​ក្នុង​ចំណោម​ផ្នូរ​ដ៏​ល្អ​ណា​មួយ​របស់​យើង​ខ្ញុំ​ក៏​បាន។ ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ម្នាក់​បដិសេធ​មិន​ឲ្យ​លោក​ប្រើ​ផ្នូរ​របស់​ខ្លួន សម្រាប់​បញ្ចុះ​សព​ភរិយា​របស់​លោក​ឡើយ»។

7 លោក​អប្រាហាំ​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ គឺ​នៅ​មុខ​ជន‌ជាតិ​ហេត។

8 លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​បង‌ប្អូន​ពិត​ជា​យល់​ព្រម​ឲ្យ​ខ្ញុំ​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នេះ​មែន សូម​មេត្តា​ជួយ​និយាយ​នឹង​លោក​អេប្រូន ជា​កូន​របស់​លោក​សូហារ​ឲ្យ​ខ្ញុំ​ផង

9 គឺ​សូម​ឲ្យ​គាត់​ផ្ទេរ​គុហា​ម៉ាកពេ‌ឡា ដែល​ជា​កម្មសិទ្ធិ​របស់​គាត់​មក​ខ្ញុំ គឺ​គុហា​ដែល​នៅ​ចុង​ចម្ការ​របស់​គាត់។ សូម​ឲ្យ​គាត់​លក់​គុហា​នោះ​មក​ខ្ញុំ គិត​តាម​តម្លៃ​ពិត​ប្រាកដ ដើម្បី​ខ្ញុំ​យក​ទី​បញ្ចុះ​សព​នោះ ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ នៅ​កណ្ដាល​ចំណោម​បង‌ប្អូន​ទាំង​អស់​គ្នា»។