14 បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមឲ្យទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកថែមទៀត” សូមឲ្យបានចំលើនារី ដែលព្រះអង្គបម្រុងទុកធ្វើជាភរិយារបស់លោកអ៊ីសាក ជាម្ចាស់ទូលបង្គំ។ ដូច្នេះ ទូលបង្គំនឹងដឹងច្បាស់ថា ព្រះអង្គពិតជាសម្តែងព្រះហឫទ័យសន្តោសមេត្តាចំពោះលោកម្ចាស់របស់ទូលបង្គំមែន!»។
15 គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែនាងរេបិកាកណ្ដៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអប្រាហាំ។
16 នាងមានសម្ផស្សស្អាតល្អណាស់ ហើយក៏ជាស្ត្រីក្រមុំព្រហ្មចារី មិនទាន់រួមរស់ជាមួយបុរសណាឡើយ។ នាងចុះទៅប្រភពទឹក លុះដងទឹកដាក់ពេញក្អមរួចហើយ នាងក៏ឡើងមកវិញ។
17 អ្នកបម្រើរបស់លោកអប្រាហាំរត់ទៅរកនាង ពោលថា៖ «សូមនាងមេត្តាចាក់ទឹកពីក្អមនាង ឲ្យខ្ញុំទទួលទានបន្តិច»។
18 នាងតបមកវិញថា៖ «សូមលោកម្ចាស់អញ្ជើញពិសា!»។ នាងប្រញាប់ប្រញាល់ផ្អៀងក្អមឲ្យទឹកអ្នកបម្រើនោះពិសា។
19 ពេលនាងឲ្យគាត់ពិសាទឹករួចហើយ ក៏ពោលថា៖ «នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋលោកម្ចាស់ផឹកដែរ ទាល់តែវាបានឆ្អែតគ្រប់គ្រាន់»។
20 នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកទៅក្នុងស្នូកសត្វ រួចនាងរត់ទៅដងពីអណ្ដូងមកទៀត គឺនាងបានដងទឹកឲ្យអូដ្ឋទាំងអស់ផឹក។