លោកុ‌ប្បត្តិ 24:35-41 KHSV

35 ព្រះ‌អម្ចាស់​បាន​ប្រទាន​ពរ​ដល់​ម្ចាស់​ខ្ញុំ​យ៉ាង​ច្រើន រហូត​ដល់​លោក​បាន​ទៅ​ជា​អ្នក​មាន​ឋានៈ​ខ្ពស់។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​លោក​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ មាន​ប្រាក់ មាស អ្នក​បម្រើ​ស្រី​ប្រុស អូដ្ឋ និង​លា​ជា​ច្រើន​ផង។

36 ក្នុង​គ្រា​ដែល​ម្ចាស់​របស់​ខ្ញុំ​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ លោក​ស្រី​សារ៉ា ជា​ភរិយា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក គឺ​កូន​ប្រុស​នេះ​ហើយ ដែល​នឹង​ទទួល​អ្វីៗ​ទាំង​អស់​ពី​លោក។

37 ម្ចាស់​របស់​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ស្បថ​ថា “អ្នក​មិន​ត្រូវ​ដណ្ដឹង​កូន​ស្រី​ជន‌ជាតិ​កាណាន ក្នុង​ស្រុក​ដែល​ខ្ញុំ​នៅ​នេះ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ខ្ញុំ​ឡើយ។

38 ក៏​ប៉ុន្តែ អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ក្រុម​គ្រួសារ និង​ញាតិ‌សន្ដាន​ខ្ញុំ ហើយ​ដណ្ដឹង​កូន​ស្រី​ម្នាក់​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ខ្ញុំ”។

39 ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​របស់​ខ្ញុំ​ថា “ប្រហែល​ជា​នាង​នោះ​មិន​ព្រម​មក​ស្រុក​នេះ តាម​ខ្ញុំ​ប្របាទ​ទេ​មើល​ទៅ”។

40 លោក​តប​មក​ខ្ញុំ​វិញ​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​ខ្ញុំ​គោរព​ប្រណិ‌ប័តន៍ ទ្រង់​នឹង​ចាត់​ទេវតា*​របស់​ព្រះ‌អង្គ​ឲ្យ​ទៅ​ជា​មួយ​អ្នក ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ដំណើរ​របស់​អ្នក​បាន​សម្រេច​តាម​បំណង​ជា​មិន​ខាន។ អ្នក​នឹង​ដណ្ដឹង​កូន​ស្រី​ម្នាក់​ក្នុង​ចំណោម​ញាតិ‌សន្ដាន និង​ក្រុម​គ្រួសារ​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ខ្ញុំ។

41 ពេល​អ្នក​ទៅ​ជួប​ញាតិ‌សន្ដាន​របស់​ខ្ញុំ ហើយ​ប្រសិន​បើ​គេ​មិន​ព្រម​លើក​កូន​ឲ្យ​ទេ អ្នក​នឹង​បាន​រួច​ពី​សម្បថ​នេះ”។