37 ម្ចាស់របស់ខ្ញុំបានឲ្យខ្ញុំស្បថថា “អ្នកមិនត្រូវដណ្ដឹងកូនស្រីជនជាតិកាណាន ក្នុងស្រុកដែលខ្ញុំនៅនេះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំឡើយ។
38 ក៏ប៉ុន្តែ អ្នកត្រូវធ្វើដំណើរទៅរកក្រុមគ្រួសារ និងញាតិសន្ដានខ្ញុំ ហើយដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ”។
39 ខ្ញុំបានជម្រាបលោកម្ចាស់របស់ខ្ញុំថា “ប្រហែលជានាងនោះមិនព្រមមកស្រុកនេះ តាមខ្ញុំប្របាទទេមើលទៅ”។
40 លោកតបមកខ្ញុំវិញថា “ព្រះអម្ចាស់ ជាព្រះដែលខ្ញុំគោរពប្រណិប័តន៍ ទ្រង់នឹងចាត់ទេវតា*របស់ព្រះអង្គឲ្យទៅជាមួយអ្នក ហើយទ្រង់នឹងធ្វើឲ្យដំណើររបស់អ្នកបានសម្រេចតាមបំណងជាមិនខាន។ អ្នកនឹងដណ្ដឹងកូនស្រីម្នាក់ក្នុងចំណោមញាតិសន្ដាន និងក្រុមគ្រួសារខ្ញុំ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ។
41 ពេលអ្នកទៅជួបញាតិសន្ដានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។
42 ថ្ងៃនេះ ខ្ញុំបានមកដល់អណ្ដូងទឹក ហើយទូលអង្វរថា បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ដែលជាចៅហ្វាយរបស់ទូលបង្គំ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យឲ្យដំណើររបស់ទូលបង្គំបានសម្រេច ដូចប្រាថ្នាមែន
43 ទូលបង្គំនៅជិតអណ្ដូងទឹកនេះស្រាប់ហើយ បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ដែលចេញមកដងទឹកថា “សុំនាងឲ្យទឹកក្នុងក្អមរបស់នាង មកខ្ញុំទទួលទានបន្តិច”