លោកុ‌ប្បត្តិ 24:44-50 KHSV

44 ហើយ​បើ​នាង​តប​មក​ទូលបង្គំ​វិញ​ថា “សូម​អញ្ជើញ​ពិសា ខ្ញុំ​នឹង​ទៅ​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ថែម​ទៀត” នោះ​សូម​ឲ្យ​ចំ​លើ​នារី​ដែល​ព្រះ‌អង្គ​បាន​បម្រុង​ទុក​ជា​ភរិយា​របស់​កូន​ប្រុស​ម្ចាស់​ទូលបង្គំ។

45 ខ្ញុំ​និយាយ​ក្នុង​ចិត្ត​មិន​ទាន់​ចប់​ផង ស្រាប់​តែ​នាង​រេបិកា​កណ្ដៀត​ក្អម​ទឹក​ចេញ​ពី​ទីក្រុង​មក។ នាង​ចុះ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ដង​ទឹក។ ខ្ញុំ​និយាយ​ទៅ​នាង​ថា “សុំ​នាង​មេត្តា​ឲ្យ​ទឹក​មក​ខ្ញុំ​ទទួល​ទាន​បន្តិច”។

46 នាង​ក៏​ប្រញាប់​ផ្អៀង​ក្អម​ដែល​នាង​កណ្ដៀត​នោះ ទាំង​ពោល​ថា “សូម​អញ្ជើញ​ពិសា នាង​ខ្ញុំ​នឹង​ទៅ​ដង​ទឹក​ឲ្យ​អូដ្ឋ​លោក​ម្ចាស់​ផឹក​ថែម​ទៀត”។

47 ខ្ញុំ​សួរ​នាង​ថា “នាង​ត្រូវ​ជា​កូន​ចៅ​របស់​លោក​ណា” នាង​ឆ្លើយ​ថា “នាង​ខ្ញុំ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​តា​ណាឃរ និង​លោក​យាយ​មីលកា”។ ខ្ញុំ​យក​ចិញ្ចៀន និង​កង‌ដៃ​ពាក់​ឲ្យ​នាង។

48 បន្ទាប់​មក ខ្ញុំ​ក៏​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ហើយ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ម្ចាស់​ខ្ញុំ ដែល​ទ្រង់​បាន​ដឹក​នាំ​ខ្ញុំ ដោយ​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ឲ្យ​ខ្ញុំ​បាន​មក​ដណ្ដឹង​ក្មួយ​ស្រី​របស់​លោក យក​ទៅ​ធ្វើ​ជា​ភរិយា​ឲ្យ​កូន​ប្រុស​របស់​លោក។

49 ឥឡូវ​នេះ ប្រសិន​បើ​អស់​លោក​ចង់​សម្តែង​ចិត្ត​សន្តោស​មេត្តា និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់​របស់​ខ្ញុំ សូម​មាន​ប្រសាសន៍​មក ដើម្បី​ឲ្យ​ខ្ញុំ​អាច​គិត‌គូរ​ទៅ​តាម​នោះ​ផង»។

50 លោក​ឡាបាន់ និង​លោក​បេធូ‌អែល​តប​ទៅ​វិញ​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មក​ពី​ព្រះ‌អម្ចាស់​ដូច្នេះ យើង​ខ្ញុំ​ពុំ​អាច​ប្រាប់​លោក​ថា យើង​យល់​ព្រម ឬ​ជំទាស់​ឡើយ។