45 ខ្ញុំនិយាយក្នុងចិត្តមិនទាន់ចប់ផង ស្រាប់តែនាងរេបិកាកណ្ដៀតក្អមទឹកចេញពីទីក្រុងមក។ នាងចុះទៅឯប្រភពទឹក ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា “សុំនាងមេត្តាឲ្យទឹកមកខ្ញុំទទួលទានបន្តិច”។
46 នាងក៏ប្រញាប់ផ្អៀងក្អមដែលនាងកណ្ដៀតនោះ ទាំងពោលថា “សូមអញ្ជើញពិសា នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋលោកម្ចាស់ផឹកថែមទៀត”។
47 ខ្ញុំសួរនាងថា “នាងត្រូវជាកូនចៅរបស់លោកណា” នាងឆ្លើយថា “នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា”។ ខ្ញុំយកចិញ្ចៀន និងកងដៃពាក់ឲ្យនាង។
48 បន្ទាប់មក ខ្ញុំក៏លុតជង្គង់ថ្វាយបង្គំព្រះអម្ចាស់ ហើយអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ជាម្ចាស់ខ្ញុំ ដែលទ្រង់បានដឹកនាំខ្ញុំ ដោយព្រះហឫទ័យស្មោះត្រង់ ឲ្យខ្ញុំបានមកដណ្ដឹងក្មួយស្រីរបស់លោក យកទៅធ្វើជាភរិយាឲ្យកូនប្រុសរបស់លោក។
49 ឥឡូវនេះ ប្រសិនបើអស់លោកចង់សម្តែងចិត្តសន្តោសមេត្តា និងចិត្តស្មោះត្រង់ចំពោះម្ចាស់របស់ខ្ញុំ សូមមានប្រសាសន៍មក ដើម្បីឲ្យខ្ញុំអាចគិតគូរទៅតាមនោះផង»។
50 លោកឡាបាន់ និងលោកបេធូអែលតបទៅវិញថា៖ «ហេតុការណ៍នេះកើតមកពីព្រះអម្ចាស់ដូច្នេះ យើងខ្ញុំពុំអាចប្រាប់លោកថា យើងយល់ព្រម ឬជំទាស់ឡើយ។
51 នាងរេបិកានៅមុខលោកស្រាប់ហើយ សូមទទួលនាងយកទៅចុះ ឲ្យនាងបានទៅជាភរិយារបស់កូនប្រុសម្ចាស់លោក ដូចព្រះអម្ចាស់មានព្រះបន្ទូល»។