27 លោកយ៉ាកុបក៏ខិតទៅជិតឪពុក ហើយថើបគាត់។ ពេលនោះ លោកអ៊ីសាកស្គាល់ក្លិនសម្លៀកបំពាក់របស់លោកអេសាវ ក៏ឲ្យពរលោកយ៉ាកុប ដូចតទៅនេះ៖«ក្លិនរបស់កូនប្រៀបបាននឹងក្លិនចម្ការមួយដែលទទួលពរពីព្រះអម្ចាស់។
28 សូមព្រះជាម្ចាស់ប្រទានទឹកសន្សើមពីលើមេឃមកឲ្យកូនព្រមទាំងដីដែលមានជីជាតិល្អផងដែរ។ព្រះអង្គប្រទានឲ្យកូនមានស្រូវនិងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
29 សូមឲ្យជាតិសាសន៍នានាបានទៅជាខ្ញុំបម្រើរបស់កូនហើយឲ្យប្រជាជាតិជាច្រើនក្រាបថ្វាយបង្គំកូន!។សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន!សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូនក្រាបថ្វាយបង្គំកូន!អ្នកណាដាក់បណ្ដាសាកូនអ្នកនោះមុខជាទទួលបណ្ដាសាមិនខាន!រីឯអ្នកណាឲ្យពរកូនអ្នកនោះក៏នឹងទទួលពរដែរ»។
30 ពេលលោកអ៊ីសាកឲ្យពរលោកយ៉ាកុបចប់សព្វគ្រប់ហើយ លោកយ៉ាកុបក៏ចាកចេញពីឪពុកទៅ។ លោកអេសាវវិលត្រឡប់មកពីបាញ់សត្វវិញ។
31 គាត់រៀបចំម្ហូបយ៉ាងឆ្ងាញ់យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ «សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ រួចសឹមឲ្យពរកូន»។
32 លោកអ៊ីសាកជាឪពុកសួរថា៖ «នរណាហ្នឹង?» លោកអេសាវតបថា៖ «ខ្ញុំ អេសាវ ជាកូនច្បងរបស់លោកឪពុក»។
33 លោកអ៊ីសាកញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុក អំបាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។