លោកុ‌ប្បត្តិ 28:5-11 KHSV

5 បន្ទាប់​មក លោក​អ៊ីសាក​ឲ្យ​លោក​យ៉ាកុប​ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម គឺ​ទៅ​ផ្ទះ​លោក​ឡាបាន់​ជា​កូន​របស់​លោក​បេធូ‌អែល ជន‌ជាតិ​អារ៉ាម ដែល​ត្រូវ​ជា​បង​ប្រុស​របស់​លោក​ស្រី​រេបិកា ម្ដាយ​របស់​លោក​យ៉ាកុប និង​លោក​អេសាវ។

6 លោក​អេសាវ​ឃើញ​លោក​អ៊ីសាក​ឲ្យ​ពរ​លោក​យ៉ាកុប និង​ចាត់​គាត់​ឲ្យ​ទៅ​រក​ប្រពន្ធ​នៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម ទាំង​ផ្ដែផ្ដាំ​នៅ​ពេល​ឲ្យ​ពរ​នោះ​ថា កុំ​យក​ស្ត្រី​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា

7 គាត់​ឃើញ​លោក​យ៉ាកុប​ធ្វើ​តាម​បង្គាប់​ឪពុក‌ម្ដាយ ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម

8 លោក​អេសាវ​យល់​ឃើញ​ថា លោក​អ៊ីសាក ជា​ឪពុក មិន​ពេញ​ចិត្ត​នឹង​ស្ត្រី​សាសន៍​កាណាន​ទេ។

9 លោក​អេសាវ​ក៏​ទៅ​រក​លោក​អ៊ីស្មា‌អែល ហើយ​យក​ប្រពន្ធ​មួយ​ទៀត គឺ​នាង​ម៉ាហា‌ឡាត ជា​បង​របស់​នាង​នេបា‌យ៉ូត ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អ៊ីស្មា‌អែល កូន​របស់​លោក​អប្រាហាំ។

10 លោក​យ៉ាកុប​ចាក​ចេញ​ពី​ក្រុង​បៀរ‌សេបា​ឆ្ពោះ​ទៅ​កាន់​ស្រុក​ខារ៉ាន។

11 ពេល​ថ្ងៃ​ជិត​លិច លោក​បាន​ទៅ​ដល់​កន្លែង​មួយ ហើយ​ស្នាក់​នៅ​ទី​នោះ។ លោក​បាន​យក​ថ្ម​មួយ​ដុំ​មក​កើយ រួច​សម្រាន្ត​លក់​នៅ​ទី​នោះ​ទៅ។