8 លោកអេសាវយល់ឃើញថា លោកអ៊ីសាក ជាឪពុក មិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ។
9 លោកអេសាវក៏ទៅរកលោកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺនាងម៉ាហាឡាត ជាបងរបស់នាងនេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ។
10 លោកយ៉ាកុបចាកចេញពីក្រុងបៀរសេបាឆ្ពោះទៅកាន់ស្រុកខារ៉ាន។
11 ពេលថ្ងៃជិតលិច លោកបានទៅដល់កន្លែងមួយ ហើយស្នាក់នៅទីនោះ។ លោកបានយកថ្មមួយដុំមកកើយ រួចសម្រាន្តលក់នៅទីនោះទៅ។
12 លោកសុបិនឃើញមានជណ្ដើរមួយបញ្ឈរលើផែនដី ចុងវាខ្ពស់រហូតដល់មេឃ ហើយមានទេវតា*របស់ព្រះជាម្ចាស់ នាំគ្នាចុះឡើងតាមជណ្ដើរនោះ។
13 ពេលនោះ ព្រះអម្ចាស់គង់នៅក្បែរលោក មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់អប្រាហាំ ជីតាអ្នក ហើយក៏ជាព្រះរបស់អ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដីដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
14 ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នក និងពូជពង្សរបស់អ្នក។